ព័ត៌មានជាតិ

លោក ហួត ហាក់ ណែនាំឱ្យមន្ត្រីច្រកទ្វារអន្តរជាតិបាវិត ត្រូវផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងសុវត្ថិភាពដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរ

ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើការណែនាំ ដល់មន្រ្តី ដែលកំពុងបំពេញភារកិច្ចនៅច្រកទ្វារអន្តរជាតិបាវិត-ម៉ុកបៃ ត្រូវផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងលក្ខណៈងាយស្រួល និងសុវត្ថិភាពដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរទាំងអស់ ។

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនទេសចរណ៍កម្ពុជា ចូលរួមក្នុងកម្មវិធីពិព័រណ៍ទេសចរណ៍អន្តរជាតិ ទីក្រុងហូជីមិញលើកទី១៩ (ITE-HCMC) ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងដំណើរនេះលោក ហួត ហាក់ ប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកធ្វើដំណើរ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ ទូទាំងប្រទេស «គ.អ.ច.ទ» បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងផ្តល់នូវអនុសាសន៍ ដល់មន្រ្តីនានា ដែលកំពុងបំពេញភារកិច្ច នៅច្រកទា្វរអន្តរជាតិបាវិត-ម៉ុកបៃ ក្នុងដំណើរតាមរថយន្ត​ ឆ្ពោះទៅទីក្រុងហូជីមិញ ។

ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្រ្តីប្រចាំនៅច្រកទ្វារអន្តរជាតិ ដែលបានបំពេញភារកិច្ចបានល្អ និងប្រកបដោយទំនួលខុសត្រូវ ដោយលោករដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍​ ដល់មន្រ្តីបន្តបំពេញភារកិច្ចឱ្យបានល្អ ជាពិសេសគឺផ្តល់នូវបដិសណ្ឋារកិច្ច ដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរទាំងជាតិ និងអន្តរជាតិ ឱ្យកាន់តែរាក់ទាក់ កក់ក្តៅ និងជួយធានានូវសុខសុវត្ថិភាព ព្រមទាំងជួយឆ្លើយតប រាល់បញ្ហាដែលភ្ញៀវទេសចរ និងអ្នកធ្វើដំណើរស្នើសុំជួយសម្របសម្រួល ឱ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ខ្ពស់៕

To Top