អ៊ុយក្រែន នឹងជួយកោះតៃវ៉ាន់ ផលិតយន្តហោះគ្មានមនុស្សបើកប្រយុទ្ធ

បរទេស ៖ ក្រុមហ៊ុនការពារជាតិកោះតៃវ៉ាន់ មួយបានចុះហត្ថលេខា លើអនុស្សរណៈ យោគយល់គ្នា ជាមួយគណៈប្រតិភូ អ៊ុយក្រែន និងប៉ូឡូញ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងបច្ចេកវិទ្យាយន្តហោះ គ្មានមនុស្សបើក (UAV) ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចព្រមព្រៀង ដែលត្រូវបានប្រកាស កាលពីថ្ងៃពុធនៅឯពិព័រណ៍ឧស្សាហកម្មការពារអន្តរជាតិ (MSPO) នៅទីក្រុង Kielce ប្រទេសប៉ូឡូញ ដែលកើតឡើងចំពេលដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន កើនឡើងនៅក្នុងសមុទ្រចិនខាងត្បូង។
ឯកសារនេះត្រូវបានចុះហត្ថលេខា ដោយប្រធានសមាគមអភិវឌ្ឍន៍ ឧស្សាហកម្មការពារជាតិកោះតៃវ៉ាន់ លោក Tony Hsu ស្ថាបនិកសភាពាណិជ្ជកម្មប៉ូឡូញ-តៃវ៉ាន់ លោក Bartlomiej Dobosz និងលោក Dmitry Dymyd អ្នកតំណាងនៃ Lviv Tech Cluster នៅអ៊ុយក្រែន។
យោងតាម Focus Taiwan គឺអ៊ុយក្រែននឹងរួមចំណែកស្រាវជ្រាវ និងអភិវឌ្ឍន៍ ចំណែក ប្រទេសប៉ូឡូញនឹងផ្តល់ជំនាញ ហើយក្រុមហ៊ុន Thunder Tiger ដែលមានមូលដ្ឋាននៅទីក្រុង Taichung នឹងផ្គត់ផ្គង់បច្ចេកវិទ្យា និងសមាសធាតុ។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Thunder Tiger បានបង្ហាញយន្តហោះគ្មានមនុស្សបើក FPV ដែលមានសមត្ថភាពផ្ទុកកាំភ្លើង 81 មីលីម៉ែត្រ ព្រមទាំងយន្តហោះគ្មានមនុស្សបើក kamikaze កងទ័ពជើងទឹកថ្មី៕
ប្រែសម្រួលៈ ណៃ តុលា
