រដ្ឋមន្ត្រី ហេង សួរ លើកទឹកចិត្តឱ្យក្រុមហ៊ុន បច្ចេកវិទ្យាទំនើបរបស់ចិន ផ្តោតលើការបណ្តុះបណ្តាល ជំនាញលើវិស័យ ឧស្សាហកម្មកាត់ដេរ វិស័យរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត (AI)

ភ្នំពេញ៖ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែង ការគួរសម និងពិភាក្សាការងារ ជាមួយលោកសាស្រ្តាចារ្យបណ្ឌិត ដេវីន លូ តាន់ (Devin Lu Dan) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Geely Talent Development Group និងប្រតិភូ នៅទីស្តីការក្រសួង។

ក្នុងជំនួបពិភាក្សានោះ លោករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន Geely Talent Development Group ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាទំនើបរបស់ចិន ផ្តោតលើការបណ្តុះបណ្តាលជំនាញ នៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ បច្ចេកទេសរថយន្ត អគ្គិសនី និង បញ្ញាសិប្បនិម្មិត(AI) ដែលក្រុមហ៊ុនអាចសហការ ជាមួយគ្រឹះស្ថានបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួង។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការរវាងក្រុមហ៊ុន និងគ្រឹះស្ថានបណ្តុះ បណ្តាលបច្ចេកទេសរបស់ក្រសួងខណៈដែលកម្ពុជាមានកម្មករនិយោជិតជាង ១លាននាក់កំពុងបម្រើក្នុងវិស័យឧស្សាហកម្មកាត់ដេរ ដែលត្រូវការជំនាញបន្ថែមសម្រាប់ពង្រឹងផលិតភាព។ បន្ថែមពីនេះ វិស័យរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជាផងដែរ។

ជាការឆ្លើយតបសំណូមពរ របស់លោករដ្ឋមន្រ្តី លោកសាស្រ្តាចារ្យបណ្ឌិត ដេវីន លូ តាន់ ដែលជាប្រធាន និងនាយក ប្រតិបត្តិក្រុមហ៊ុន Geely Talent Development Group បានថ្លែងអំណរគុណដល់លោករដ្ឋមន្រ្តីចំពោះការផ្តល់អនុសាសន៍សម្រាប់កិច្ចសហការបណ្តុះបណ្តាលលើវិស័យ ដ៏មានសារសំខាន់នេះ ឱ្យជោគជ័យនាពេលអនាគត។

លោកសាស្រ្តាចារ្យបណ្ឌិត ដេវីន លូ តាន់ បានបញ្ជាក់ពីការគ្រោងបណ្តុះបណ្តាល ដែលអាចធ្វើឡើងក្នុងទម្រង់ ទំនើបតាមរយៈការសិក្សាដោយផ្ទាល់ និង តាមរយៈអនឡាញ ដើម្បីចូលរួមចំណែកក្នុង ការលើកម្ពស់វិស័យ បណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង ដែលមានភាពបត់បែន និងអំណោយផលសម្រាប់បងប្អូនកម្មករនិយោជិត ក្នុងការសិក្សាពីចម្ងាយ និងសិក្សាពីកន្លែងការងារ ដែលចំណេញទាំងពេលវេលា និងកាត់បន្ថយការចំណាយផងដែរ៕









