ព័ត៌មានជាតិ

កម្ពុជា បង្ហាញការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍឧស្សាហកម្មច្នៃប្រឌិត

ភ្នំពេញ ៖ នៅថ្ងៃទី២-៤ ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍឧស្សាហកម្មច្នៃប្រឌិត នៅក្នុងកិច្ចប្រជុំកំពូលមាតិកាឌីជីថលអាស៊ានឆ្នាំ២០២៥ ដោយលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតភាពយន្ត ភាពយន្តជីវចល ហ្គេម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលក្នុងតំបន់មកផលិត និងសហការផលិតនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចច្នៃប្រឌិតក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំនេះ កម្ពុជា បានលើកឡើងនូវបំណងក្នុងការកសាងឧស្សាហកម្មច្នៃប្រឌិតរបស់ខ្លួន ដែលធ្លាប់រីកចម្រើននៅសម័យអង្គរ តាមរយៈចម្លាក់ និងផលិតផលវប្បធម៌ប្រណិតនានា ដោយផលិតរឿងផ្អែកលើប្រវត្តិដ៏អស្ចារ្យ ទៅក្នុងទម្រង់ឌីជីថលទំនើបសម្រាប់ទស្សនិកជនទូទាំងពិភពលោក។

លោក ស៊ាង សុលក្ខណ៍ ទីប្រឹក្សាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈប្រតិភូកម្ពុជាសម្រាប់កិច្ចប្រជុំកំពូលនេះ បានលើកឡើងថា «សក្តានុពលនៃឧស្សាហកម្មច្នៃប្រឌិតរបស់កម្ពុជាគឺជំរុញដោយយុវជនជំនាន់ថ្មីដែលមានទេពកោសល្យ ចេះភាសាអង់គ្លេស និងចង់រៀនសូត្រ។ ជាមួយនឹងការបណ្តុះបណ្តាល និងការណែនាំត្រឹមត្រូវ ពួកគេអាចក្លាយជាអ្នករចនាកុំព្យូទ័រក្រាហ្វិក អ្នកផលិតភាពយន្ត ភាពយន្តជីវចល និងហ្គេម ដែលអាចនាំយករឿងរបស់កម្ពុជាទៅកាន់វេទិកាតំបន់ និងពិភពលោក»។

ផ្ទាំងពាណិជ្ជកម្ម

សេដ្ឋកិច្ចច្នៃប្រឌិតបានរួមចំណែកកាន់តែខ្លាំងនៅក្នុងតំបន់ រួមជាមួយនឹងគំរូសេដ្ឋកិច្ចដែលកំពុងរីកចម្រើនផ្សេងទៀត។ ក្នុងនោះ សេដ្ឋកិច្ចខៀវគ្របដណ្តប់លើសកម្មភាពសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពដែលភ្ជាប់ទៅនឹងមហាសមុទ្រ និងផ្លូវទឹក រាប់ចាប់ពីជលផល និងការដឹកជញ្ជូន រហូតដល់វិស័យថាមពលដែនសមុទ្រ និងបច្ចេកវិទ្យាជីវសាស្ត្រសមុទ្រ ខណៈដែលសេដ្ឋកិច្ចបៃតងផ្តោតលើកំណើន និងភាពប្រកួតប្រជែងតាមរយៈការកាត់បន្ថយការបញ្ចេញកាបូន ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន និងការកាត់បន្ថយហានិភ័យបរិស្ថាន។ គំរូសេដ្ឋកិច្ចមួយទៀតត្រូវបានថ្នាក់ដឹកនាំអាស៊ានគូសរំលេចថាជា “សេដ្ឋកិច្ចពណ៌ទឹកក្រូច”។

លោក Onn Hafiz Ghazi ទេសរដ្ឋមន្ត្រី និងជាប្រធានរដ្ឋ Johor បានលើកឡើងថា រដ្ឋ Johor ត្រូវតែខ្លាំងខាងសេដ្ឋកិច្ចពណ៌ទឹកក្រូច ដោយពិពណ៌នាគំរូសេដ្ឋកិច្ចនេះថាគ្របដណ្តប់លើឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត ដូចជាប្រព័ន្ធផ្សព្វផ្សាយ ការរចនា បច្ចេកវិទ្យា និងសិល្បៈ៕

To Top