ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា សេចក្តីថ្លែងការណ៍របស់មន្ត្រីសហភាពអឺរ៉ុប គឺពោរពេញទៅដោយភាពលំអៀងខាងមនោគមវិជ្ជា ដោយគ្មានសុភវិនិច្ឆ័យជាមូលដ្ឋានជាប្រវត្តិសាស្ត្រ ហើយបង្កឱ្យមានការប្រជែងគ្នា និងការប្រឈមមុខដាក់គ្នា។
អ្នកនាំពាក្យចិនលោក Guo Jiakun បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខនៃគណៈកម្មាធិការអឺរ៉ុប ដែលបាននិយាយថា ប្រទេសចិន ឈរជាមួយរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើងក្នុងអំឡុងពេលពិធីរំលឹកនេះ មិនត្រឹមតែជាការប្រឆាំងទៅនឹងប្រព័ន្ធអន្តរជាតិប៉ុណ្ណោះទេ។
លោក Guo បានលើកឡើងថា “វាជាការមិនគោរពដល់ប្រវត្តិសាស្រ្តនៃសង្គ្រាមលោកលើកទី ២ និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់សហភាពអឺរ៉ុប។ វាជារឿងខុសឆ្គង និងគ្មានការទទួលខុសត្រូវ។ ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងថ្កោលទោស ចំពោះបញ្ហានេះ”។ លោកបានសង្កត់ធ្ងន់ថា សង្រ្គាមប្រជាជនចិនតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន គឺជាផ្នែកមួយដ៏សំខាន់នៃសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។
៨០ឆ្នាំមុន ជាមួយនឹងការលះបង់ជាតិដ៏ធំសម្បើម ប្រជាជនចិនបានរួមចំណែកយ៉ាងធំធេងក្នុងការសង្គ្រោះអរិយធម៌របស់មនុស្សជាតិ និងការពារសន្តិភាពពិភពលោក។ លោក បានលើកឡើងថា នៅពេលនោះ មិត្តភក្តិមកពីប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបមួយចំនួនបានផ្តល់ជំនួយ និងការគាំទ្រដ៏មានតម្លៃដល់ប្រជាជនចិនក្នុងការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ពួកគេ។
លោកបានបន្ដថា “មានតែការចងចាំប្រវត្តិសាស្ត្រប៉ុណ្ណោះ ទើបយើងអាចរក្សាសន្តិភាពបានពិតប្រាកដ” លោក បានបន្ថែមថា ប្រទេសចិនបានរៀបចំព្រឹត្តិការណ៍រំលឹកខួបលើកទី ៨០ នៃជ័យជំនះនៃសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក ដើម្បីចងចាំប្រវត្តិសាស្ត្រ គោរពដល់វីរបុរស ដែលបានពលី ស្រឡាញ់សន្តិភាព និងបង្កើតអនាគតដ៏ល្អប្រសើរនៃសង្រ្គាមអន្តរជាតិ និងក្រោយសង្រ្គាមអន្តរជាតិ ជាពិសេសប្រទេសដែលស្រឡាញ់សន្តិភាពទាំងអស់នៅលើពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា
