ព័ត៌មានជាតិ

ជើងហោះហើរដំបូងគេទី១ នឹងត្រូវចុះចតម៉ោង៨ព្រឹក​ នៅថ្ងៃបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ​ ៩កញ្ញា

កណ្តាល៖ ខណៈដែលនៅសល់រយៈពេល៤ថ្ងៃទៀត អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវបើកដំណើរការនោះ ជើងហោះហើរដំបូងគេ ដែលនឹងត្រូវចុះចតមុនគេនៅទីនេះ គឺជាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Angkor ដែលនឹងមកដល់នៅម៉ោង៨ព្រឹកតែម្តង បន្ទាប់មកជាយន្តហោះរបស់ក្រុមហ៊ុន Singapor Airline ដែលជាប្រភេទយន្តហោះខ្នាតធំ។

ថ្លែងបញ្ជាក់ក្រោយការរៀបចំពិធីក្រុងពាលី និងពុទ្ធាភិសេក «ព្រះពុទ្ធបដិមា» ទម្ងន់៩តោន និងកម្ពស់៩ម៉ែត្រ ដើម្បីតម្កល់ជាកេតនភណ្ឌដ៏ពិសិដ្ឋ ថ្វាយជាតិ សាសនា ព្រះមហាក្សត្រ នៅក្នុងបរិវេណអាកាសយានដ្ឋាន ស្ថិតនៅក្រុងតាខ្មៅ ខេត្ដកណ្ដាល នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ​ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានធ្វើការគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានត្រៀមរួចជាស្រេច ក្នុងការបើកឱ្យដំណើរការជាផ្លូវការ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។

តាមការអះអាងរបស់អ្នកឧកញ៉ា ឆារស៍ វ៉ាន់ តាមរយៈរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានវាយតម្លៃថា អ្វីៗនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ធ្វើឡើងបានស្របតាមស្តង់ដារអន្តរជាតិទាំងអស់ ដែលបំពេញគ្រប់លក្ខខណ្ឌ​ របស់អាកាសយានដ្ឋានខ្នាត 4F ។ ក្នុងនោះសម្រាប់ការបំពាក់សម្ភារៈ បច្ចេកវិទ្យាជាដើម សុទ្ធតែបានបំពាក់ឡើង​ ដោយបច្ចេកវិទ្យាចុងក្រោយទាំងអស់ ដែលអាចនិយាយបានថា បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិតេជោ កំពុងស្ថិតក្នុងលំដាក់ថ្នាក់អន្តរជាតិមួយ ដែលមានគុណភាពនិងបច្ចេកវិទ្យាខ្ពស់ ។

ផ្ទាំងពាណិជ្ជកម្ម

ក្រឡេកទៅមើលលហេដ្ឋារចនាសម្ព័ន្ធ​ ទាំង​ក្នុង​និងជុំវិញអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានអ្នកឧកញ៉ា ឆារស៍ វ៉ាន់ អះអាងថា ស្ទើតែរួចរាល់១០០%ទៅហើយ ពោលនៅសល់កិច្ចការបោសសម្អាតខ្លះៗ ដើម្បីឈានដល់ការបញ្ចប់ និងរង់ចាំថ្ងៃបើកដំណើរការតែម្តង ។

អាកាសយានដ្ឋានអន្តរជាតិតេជោ បានរៀបចំពិធីក្រុងពាលី និងពុទ្ធាភិសេក «ព្រះពុទ្ធបដិមា» ទម្ងន់៩តោន និងកម្ពស់៩ម៉ែត្រ ដើម្បីតម្កល់ជាកេតនភណ្ឌដ៏ពិសិដ្ឋ ថ្វាយជាតិ សាសនា ព្រះមហាក្សត្រ នៅក្នុងបរិវេណអាកាសយានដ្ឋាន ដោយពិធីបែបព្រះពុទ្ធសាសនានេះ រៀបចំឡើងដោយមានការយាងនិមន្ត ពីសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួម ពីលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនកាណាឌីយ៉ាគ្រុប និងអ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក និងលោក លោកស្រី ភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដាក់ឱ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា៕

To Top