ភ្នំពេញ ៖ សមត្ថកិច្ចម៉ាឡេស៊ី បានចាប់ និងឃុំខ្លួនអតីតសកម្មជន គណបក្សសង្គ្រោះជាតិ ២នាក់ ក្នុងពេលពួកគេ កំពុងរង់ចាំធ្វើដំណើរ តាមយន្តហោះ ពីប្រទេសម៉ាឡេស៊ីឆ្ពោះ ទៅកាន់ប្រទេសថៃ ។ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
អតីតសកម្មជន បក្សប្រឆាំងនេះ មានឈ្មោះ ហេង ស៊ាងលាង និង ងឹម គាថា ត្រូវបានសាកសួរ និងឃុំខ្លួនដោយមន្ត្រី អន្តោប្រវេសន៍ម៉ាឡេស៊ី កាលពីយប់ថ្ងៃ៤វិច្ឆិកា ហើយគ្រោងបញ្ជូនខ្លួន ទៅកាន់កម្ពុជាវិញ នាថ្ងៃ៥ វិច្ឆិកា ក៏ប៉ុន្តែគណៈកម្មការសិទ្ធិមនុស្ស ម៉ាឡេស៊ី បានតវ៉ាកុំឲ្យអាជ្ញាធរ ម៉ាឡេស៊ីបញ្ជូនខ្លួន អ្នកទាំងពីរនេះ។
លោក Jerald Joseph សមាជិកនៃគណៈកម្មការសិទ្ធិមនុស្ស ម៉ាឡេស៊ី បានប្រាប់សារព័ត៌មាន Reuters ដែលត្រូវបានដកស្រង់ ពាក្យសម្តីថា «នាពេលនេះ យើងកំពុងព្យាយាម ជួបសកម្មជនទាំង២នាក់ នៅមន្ទីរឃុំឃាំង ដើម្បីកំណត់ស្ថានភាពរបស់ពួកគេ។ ប៉ុន្តែ យើងរីករាយ ដែលក្រសួងមហាផ្ទៃ ម៉ាឡេស៊ី បានសម្រេចមិនបញ្ជូនខ្លួន អ្នកទាំងពីរនេះ ហើយខ្ញុំគិតថា នេះគឺជាសញ្ញាណល្អមួយ»។
យោងតាមឯកសារ របស់ឧត្តមស្នងការអង្គការ សហប្រជាជាតិ សម្រាប់ជនភៀសខ្លួន ឬហៅកាត់ថា UNHCR ដែលព័ត៌មានបរទេស យកមកចុះផ្សាយថា កញ្ញា ងឹម គាថា ដែលជាអតីតសកម្មជន បក្សប្រឆាំង ប្រចាំខេត្តព្រះសីហនុ បានដាក់ពាក្យស្នើសុំ សិទ្ធិជ្រកកោន នៅប្រទេសទី៣ តាមរយៈអង្គការ UNHCR ប្រចាំប្រទេសម៉ាឡេស៊ី កាលពីខែតុលាកន្លងទៅ បន្ទាប់ពីរូបនាង ត្រូវបានតុលាការខេត្តព្រះសីហនុ ចោទប្រកាន់បទ «រួមគំនិតក្បត់» តាមក្រមព្រហ្មទណ្ឌកម្ពុជា។
ចំណែក លោក ហេង ស៊ាងលាង ដែលជាអតីតចៅសង្កាត់រងទី១ នៃសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានធ្វើដំណើរមកកាន់ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ កញ្ញា ដោយសារលោក បានរងការគំរាមកំហែង ខាងសុវត្ថិភាពនៅកម្ពុជា។
លោក ហេង ស៊ាងលាង បានធ្វើដំណើរទៅថៃកាលពីថ្ងៃទី១៨ តុលា ដើម្បីស្នើសុំទិដ្ឋាការសារជាថ្មីមកកាន់ប្រទេសម៉ាឡេស៊ីវិញ ហើយក្រោយមកក៏ត្រូវបានឃុំខ្លួនជាមួយកញ្ញា ងឹម គាថា នៅពេលពួកគេគ្រោងធ្វើដំណើរទៅប្រទេសថៃ។
លោក Phil Robertson អនុប្រធានប្រចាំតំបន់ អាស៊ី នៃអង្គការឃ្លាំមើល សិទ្ធិមនុស្ស Human Rights Watch បានបញ្ជាក់ប្រាប់សារព័ត៌មាន Reuters ថា កញ្ញា ងឹម គាថា និងលោក ហេង ស៊ាងលាង គឺពិតជាអតីតសកម្មជន នៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូល រំលាយកាលពីចុងឆ្នាំ២០១៧។ យ៉ាងណាមិញ សកម្មជនទាំង២នេះ អាចនឹងត្រូវបានបញ្ជូនខ្លួន មកកម្ពុជាវិញ នៅថ្ងៃ៦ វិច្ឆិកា បើទោះបីជាមានការតវ៉ា ពីគណៈកម្មការសិទ្ធិមនុស្ស ម៉ាឡេស៊ីក្តី។
ចាប់តាំងពីខែសីហា បន្ទាប់ពីលោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិ បានប្រកាសធ្វើមាតុភូមិនិវត្តន៍ នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនេះ គេឃើញថា សកម្មជន គណបក្សប្រឆាំង យ៉ាងហោចណាស់ ៤៨នាក់ ត្រូវបានចាប់ឃុំខ្លួន និងរងការចោទប្រកាន់ ពីបទ «រួមគំនិតក្បត់» ក្រោមគម្រោងមួយដែល រដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ជាគម្រោងផ្តួលរំលំរដ្ឋាភិបាល៕