ព័ត៌មានជាតិ

មន្ត្រីនគរបាលកម្ពុជា ១៥នាក់ ចូលរួមកម្មវិធី «ការកសាងសមត្ថភាពលើការឆ្លើយតបគ្រោះមហន្តរាយ និងសេវាវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់នៅកម្ពុជា» នៅកូរ៉េ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចាត់មន្ត្រីនគរបាលកម្ពុជាចំនួន ១៥នាក់ ចូលរួមកម្មវិធី «ការកសាងសមត្ថភាពលើការឆ្លើយតបគ្រោះមហន្តរាយ និងសេវាវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់នៅកម្ពុជា» នៅប្រទេសកូរ៉េ។

ការចូលរួមកម្មវិធីនេះ គឺធ្វើឡើងដោយមានការគាំទ្រ និងចង្អុលបង្ហាញពីលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការសម្របសម្រួលរបស់ លោក ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា ក្រសួងមហាផ្ទៃ បានចាត់បញ្ជូនមន្ត្រីនគរបាលជាតិ ចំនួន ១៥នាក់ ក្នុងនោះមកពីអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ១០នាក់ និងមកពីបណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន ៥នាក់ ចូលរួមកម្មវិធី “ការកសាងសមត្ថភាពលើការឆ្លើយតបគ្រោះមហន្តរាយ និងសេវាវេជ្ជសាស្ត្រសង្រ្គោះបន្ទាន់នៅកម្ពុជា (២០២៥-២០២៧) ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅសារធារណរដ្ឋកូរ៉េ។

សូមបញ្ជាក់ថា កម្មវិធីនេះ មានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីនគរបាលជាតិកម្ពុជា ដើម្បីសុវត្ថិភាពរបស់កម្ពុជា តាមរយៈការសិក្សាស្វែងយល់ពីប្រព័ន្ធកម្រិតខ្ពស់របស់កូរ៉េខាងត្បូង សម្រាប់ការពារគ្រោះមហន្តរាយ និងគ្រោះអាសន្ន ការពន្លត់អគ្គិភ័យ និងប្រតិបត្តិការជួយសង្គ្រោះនានា៕

To Top