អបអរសារទរទិវាអន្តរជាតិ ជនជាតិដើមភាគតិចពិភពលោក លើកទី៣១ និងលើកទី២១ នៅកម្ពុជា
កំពង់ធំ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសារទរទិវាអន្តរជាតិ ជនជាតិដើមភាគតិច ពិភពលោកលើកទី៣១ និងលើកទី២១ នៅកម្ពុជាក្រោមប្រធានបទ “ការការពារសិទ្ធិ និងតម្រង់ទិសអនាគតជនជាតិ ដើមភាគតិច ក្នុងបរិបទបរិវត្តកម្មឌីជីថល” ។

ថ្លែងក្នុងពិធីអបអរសារទរនោះ លោក ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ថា ការប្រារព្ធទិវានេះ គឺពិតជាការបញ្ជាក់ អំពីការរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់គុណតម្លៃ នៃសីលធម៌ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ រស់រវើក និងក៏ជាឱកាសក្នុង ការប្រមូលផ្តុំទស្សនៈ ដែលជាគន្លឹះសម្រាប់ ជួយអភិវឌ្ឍន៍ជូនបងប្អូន ជនជាតិដើមភាគតិច ហើយក៏ជាសក្ខីភាពមួយបង្ហាញ ពីការយកចិត្តទុកដាក់ ដល់បងប្អូនជនជាតិដើមភាគតិច ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនោះ លោករដ្ឋមន្ត្រី បានសម្ដែងសេចក្ដីសោមន្ស និង អបអរសាទរក្នុងទិវាប្រកបដោយអត្ថន័យនេះ ព្រមទាំងបានអាន នូវសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិច ពិភពលោកលើកទី៣១ និងលើកទី២១ នៅកម្ពុជា ។

តាមរយៈសារលិខិត របស់សម្ដេចធិបតី បានបង្ហាញថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញលិខិតទទួលស្គាល់ អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចចំនួន ២១៣សហគមន៍ បានចុះបញ្ជីជានីតិបុគ្គល ពីក្រសួងមហាផ្ទៃចំនួន១៥៥សហគមន៍ និងបានចេញបណ្ណកម្មសិទ្ធិដីសមូហភាពចំនួន ៤២ សហគមន៍ ដែលជាការសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ការលើកកម្ពស់សិទ្ធិ និងការការពារឧត្តមប្រយោជន៍ របស់ជនជាតិដើមភាគតិច។

ក្នុងសារលិខិតដដែល សម្ដេចធិបតី ក៏បានផ្ដល់ជាអនុសាសន៍ ចំនួន ៧ចំណុច ជូនដល់ក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមសហការជាសហថាមពល ដើម្បីឱ្យការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។

ជាមួយគ្នានោះផងដែរ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល ២ឆ្នាំ កន្លងមកនេះ ក្នុងការសម្រេចបាននូវសមិទ្ធផលធំៗ និងលេចធ្លោរគួរឱ្យកត់សម្គាល់ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដោយរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច បើទោះបីជាពិភពលោក កំពុងស្ថិតនៅក្នុងបរិការណ៍មួយ ដែលមានភាពប្រែប្រួល និងមិនមានភាពប្រាកដប្រជា ដើម្បីឱ្យកម្ពុជា ក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅ ឆ្នាំ២០៥០” ។ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បាននិងកំពុងយកចិត្តទុកដាក់អនុវត្តនូវផែនការ យុទ្ធសាស្ដ្ររបស់ខ្លួនយ៉ាងសកម្ម ប្រកបដោយការ ទទួលខុសត្រូវ ដោយមានចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជាឲ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ជាពិសេសការការពារ និងលើកតម្កើងសិទ្ធិសេរីភាព ក៏ដូចជាបន្តថែរក្សាទាំងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងភាសា របស់បងប្អូនជនជាតិ ដើមភាគតិចផងដែរ ៕



