រថយន្តធុនធំ បុករះរថយន្ត២គ្រឿង កងបី២គ្រឿ ម៉ូតូ៨គ្រឿង និងផ្ទះ៥ខ្នង បណ្តាលឲ្យស្លាប់៣នាក់ និងរបួសធ្ងន់២នាក់
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដែលបង្កឡើងដោយរថយន្តធុនធំម៉ាក HYUNDAI បើកក្នុងល្បឿនលឿន ហើយចុះចំណោតរេចង្កូត ជ្រុលបុករះរថយន្ត២គ្រឿង , ម៉ូតូកងបី២គ្រឿ , ម៉ូតូ៨គ្រឿង និងផ្ទះ៥ខ្នង បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់យ៉ាងអណោចអធម និងរងរបួសធ្ងន់២នាក់ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១៥និង៤០នាទីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចចំណោតរ៉ា ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

បើតាមសមត្ថកិច្ច គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តធំ១គ្រឿង ម៉ាក HYUNDAI ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3F-4913 សណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-1148 អ្នកបើកបរ (មិនទាន់ស្គាល់អត្តសញ្ញាណ) ដែលមានទិសដៅពីលិច ឆ្ពោះទៅកើត លុះដល់ ចំណុចខាងលើ រថយន្តបើកចុះចំណោតមានល្បឿនលឿន បានរ៉េចង្កូតទៅខាងស្តាំដៃបុករះ រថយន្តតូច២គ្រឿង , ម៉ូតូកង់បី(ផាស់អេប) ២គ្រឿង , ម៉ូតូ៨គ្រឿង និងផ្ទះប្រជាពលរដ្ឋ ៥ខ្នងបណ្តាលឲ្យខូចខាតសម្ភារៈផ្ទះប្រជាពលរដ្ឋមួយចំនួនធំ ។

ចំពោះមធ្យោបាយធ្វើដំណើរសមត្ថកិច្ច យកមករក្សាទុកបណ្តោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីយកមកអនុវត្តបន្តតាមនីតិវិធីច្បាប់ ។

កម្លាំងជំនាញបានសម្របសម្រួល និងបញ្ជូនជនរងគ្រោះ ដែលរបួសទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ចំណែកសាកសព បានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕


