បណ្ឌិត កៅ ថាច ចូលរួមធ្វើជាវាគ្មិនកិត្តិយស នៃសន្និសីទស្តីពី “ការវិនិយោគសម្រាប់អនាគត”
ភ្នំពេញ ៖ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់តំណាងអង្គការ សហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ (United Nations Trade and Development – UNCTAD) លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានចូលរួមក្នុងកម្មវិធីបើកជាផ្លូវការនៃ ពិព័រណ៍អន្តរជាតិចិន សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម លើកទី២៥ និងបានចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាជាន់ខ្ពស់ (High-Level Plenary Discussion)នៃសន្និសីទស្តីពី “ការវិនិយោគសម្រាប់អនាគត” ដោយកិច្ចពិភាក្សាផ្តោតទៅលើចក្ខុវិស័យ ចំពោះយុទ្ធសាស្រ្តស្វែងរកប្រភពទុន សម្រាប់អនាគតនៃការវិនិយោ សកល, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងថាមពលសម្រាប់អនាគត ។

ក្នុងកម្មវិធីបើកជាផ្លូវការ នៃសន្និសីទនេះ មានការចូលរួមជាអធិបតី ពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងការថ្លែងសន្ទរកថា ស្វាគមន៍ សន្ទរកថាបើក ពីអគ្គលេខាធិការងនៃ UN និងនាយកកម្មវិធីគំនិតផ្តួចផ្តើមទីផ្សារមូលបត្រ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងជាប្រធានផ្នែកវិនិយោគ និងសហគ្រាស នៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ, តំណាងពីខេត្ដហ្វូជៀន និងអនុរដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។ ជាពិសេស សន្ទរកថាគន្លឹះ ថ្លែងដោយលោកឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអ៊ូសបេគីស្ថាន (Uzbekistan) និងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងពីព្រះរាជាណាចក្រកម្ពុជា ។

ជាកិច្ចបន្ទាប់ ក្នុងការពិភាក្សានេះ លោកបណ្ឌិត កៅ ថាច បានចែករំលែកនូវទស្សន នៃសក្តានុពលការវិនិយោគ សម្រាប់អនាគត តាមរយៈបន្ស៊ី ជាមួយនឹងតួនាទី របស់ធនាគារអភិវឌ្ឍន៍ រួមមានការវិវត្តន៍នៃឧបករណ៍ហិរញ្ញវត្ថុ, យន្តការនៃផ្តល់ហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍដែលមានប្រសិទ្ធភាព, សារៈសំខាន់ នៃបច្ចេកវិទ្យាសម្រាប់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ, និងឧត្តមានុវត្តន៍របស់ធនាគារ ARDB។ បន្ថែមពីនេះ, ក្នុងនាមជាប្រធាន សមាគមគ្រឹះស្ថាន ហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លោកបណ្ឌិត កៅ ថាច ក៏បានរំលេចអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការ រវាងគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍ ពិសេសការបង្កើន សមត្ថភាពស្ថាប័ន និងការអនុវត្តកម្មវិធីហិរញ្ញប្បទានរួមគ្នា សំដៅជំរុញផលជះនៃសហថាមពល និងប្រសិទ្ធភាពនៃការផ្តល់ហិរញ្ញប្បទាន៕






