ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រី នឹងផ្តល់ទិន្នន័យរួមមួយ ដែលច្បាស់លាស់
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ បានលើកឡើងថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការធ្វើជំរឿន មន្ត្រីជាក់ស្តែង នឹងផ្តល់ទិន្នន័យរួមមួយ ដែលមានភាព គ្រប់ជ្រុងជ្រោយ សង្គតិភាព អាចជឿទុកចិត្តបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សម្រាប់ការប្រើប្រាស់ ជារួមនៅក្នុងប្រព័ន្ធរួមតែមួយ នៃរដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងកិច្ចប្រជុំគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅថ្ងៃទី៨ កញ្ញា ដោយមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ជាសមាជិក សមាជិកានៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការធ្វើជំរឿន មន្ត្រីជាក់ស្តែងទាំង៣គោលដៅ នៃក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរមុខងារសាធារណៈ មន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរសុខាភិបាល រាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងបែបនេះ ដោយបានបញ្ជាក់ពីសារៈសំខាន់ នៃការធ្វើជំរឿនមន្ត្រីនេះថា ជាជំហានបន្ថែមមួយទៀត ក្នុងការពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈ។ លោកថា «ការពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈ គឺជាការពង្រឹងសមត្ថភាពខ្មែរ»។
កិច្ចប្រជុំបានកំណត់ថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿន មន្ត្រីជាក់ស្តែង សម្រាប់រចនាសម្ព័ន្ធក្រសួងស្ថាប័ន នឹងចាប់ផ្តើមនៅក្រសួង មុខងារសាធារណៈ។ ទន្ទឹមនោះ សម្រាប់រចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ នឹងចាប់ផ្តើមនៅខណ្ឌដូនពេញ ហើយសម្រាប់រចនាសម្ព័ន្ធ នៃអង្គភាពសុខាភិបាលមូលដ្ឋាន នឹងចាប់ផ្តើមនៅការិយាល័យស្រុក ប្រតិបត្តិចតុមុខ រាជធានីភ្នំពេញ៕
