ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ៖ ក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ បានកសាងផ្លូវជាតិជាង ៣០០០គីឡូម៉ែត្រ នៅកម្ពុជា
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្រោមក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ មានជាអាទិ៍ ៖ កសាងផ្លូវជាតិប្រវែងប្រមាណជាង ៣០០០គីឡូម៉ែត្រ, ស្ពានធំៗចំនួន១៦, ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ, និងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ជាដើម។

នាឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការវិនិយោគអន្តរជាតិ (Thematic Session on Belt and Road International investment cooperation Exchange) នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនរដ្ឋាភិបាលចិន ចំពោះចក្ខុវិស័យ និងការដឹកនាំរបស់ខ្លួនក្នុងការជំរុញគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានក្លាយជាវេទិកាដ៏សំខាន់សម្រាប់ការតភ្ជាប់ វិនិយោគ ពាណិជ្ជកម្ម និងវិបុលភាពរួមគ្នា។

លោកឧបនាយករដ្ឋមន្រ្តី បន្ដថា សម្រាប់ប្រទេសកម្ពុជា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពិសេសគឺការចូលរួមកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ស្ពាន អាកាសយានដ្ឋាន រួមទាំងផ្លូវទឹកផងដែរ។
លោកឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់ថា «វឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្រោមក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ មានជាអាទិ៍ ការកសាងផ្លូវជាតិប្រវែងប្រមាណជាង ៣០០០គីឡូម៉ែត្រ, ស្ពានធំៗចំនួន១៦, ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ, និងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោជាដើម។ ថ្ងៃនេះកម្ពុជាបានចាប់ផ្តើមប្រតិបត្តិការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការអភិវឌ្ឍសង្គមជាតិកម្ពុជា»។
លោកឧបនាយករដ្ឋមន្រ្តី បន្ដថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះភ្ជាប់កសិករទៅនឹងទីផ្សារ សហគមន៍ជនបទជាមួយទីក្រុង ជាច្រកចេញចូលសម្រាប់ភ្ញៀវទេសចររាប់លាន ជារចនាសម្ព័ន្ធគាំទ្រអាជីវករនិងវិនិយោគិនទៅកាន់ទីផ្សារក្នុងតំបន់និងពិភពលោក កាត់បន្ថយពេលវេលា និងដើរតួនាទីជាមូលដ្ឋានគ្រឹះសម្រាប់ភាពរុងរឿងរបស់កម្ពុជានៅពេលអនាគត។
បទពិសោធន៍របស់កម្ពុជាគឺជាភស្តុតាងដែលសម្រេចបានពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ តាមរយៈភាពជាដៃគូដើម្បីផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសេដ្ឋកិច្ចកាន់តែប្រសើរឡើង។
ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ចក្ខុវិស័យនេះនឹងបន្តជំរុញការអភិវឌ្ឍមិនត្រឹមតែប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់តំបន់ និងពិភពលោកផងដែរ។ កម្ពុជា នឹងបន្តជំរុញឱ្យកិច្ចសហប្រតិបត្តិការនេះមាននិរន្តរភាព តម្លាភាព និងទទួលបានផ្ដល់ប្រយោជន៍ទៅវិញទៅមក មិនត្រឹមតែនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅវិស័យផ្សេងទៀត មានជាអាទិ៍ការអភិវឌ្ឍបៃតង ការផ្លាស់ប្ដូរបច្ចេកវិទ្យាឌីជីថល និងធនធានមនុស្សជាដើម៕
