នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ បញ្ជាក់ថា គ្មានការព្យាបាលបែប VIP សម្រាប់អ្នកទោស ថាក់ស៊ីន ស៊ីណាវ៉ាត្រា នោះទេ

បរទេស៖ នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ គឺលោក Anutin Charnvirakul បានបញ្ជាក់នៅរសៀលថ្ងៃអង្គារនេះថា គ្មានការព្យាបាលបែប VIP សម្រាប់អ្នកទោស ថាក់ស៊ីន ស៊ីណាវ៉ាត្រា នោះទេ។ លោកបន្ថែមថា ការដាក់ពន្ធនាគារលោក ថាក់ស៊ីន គឺស្របតាមច្បាប់ ហើយលោកនឹងមិនជ្រៀតជ្រែកឡើយ ដោយបញ្ជាក់ថា អ្នករាល់គ្នានឹងទទួលបានយុត្តិធម៌។

យោងតាមសារព័ត៌មាន KHAOSOD ENGLISH ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅម៉ោង ៥ និង ១០ នាទីល្ងាច ក្បួនរថយន្តរបស់ពន្ធនាគារពីពន្ធនាគារពិសេសក្រុងបាងកកបានផ្លាស់ប្តូរទៅកាន់ពន្ធនាគារកណ្តាល Klong Prem ។
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានគេឃើញអង្គុយក្បែរបង្អួច ដោយពាក់អាវពណ៌ខៀវ និងខោខ្លីពណ៌ខ្មៅ ដែលជាពណ៌ឯកសណ្ឋានសម្រាប់អ្នកទោស ដែលត្រូវតុលាការកាត់ទោសចុងក្រោយនៅពន្ធនាគារពិសេសទីក្រុងបាងកក។ នៅពេលអ្នកកាសែតស្រែកសួរ លោក ថាក់ស៊ីន មិនបានឆ្លើយតបទេ តែបែរមកមើលអ្នកកាសែតទាំងញញឹម។
ពន្ធនាគារកណ្តាល Klong Prem គឺជាពន្ធនាគារមួយក្នុងចំណោមពន្ធនាគារចំនួន ៥ ដែលមានសន្តិសុខកម្រិតអតិបរមារបស់ប្រទេសថៃ៕
ប្រែសម្រួលៈ ណៃ តុលា
