ព័ត៌មានជាតិ

អាជ្ញាធរមីន ស្នើអាជ្ញាធរ ខេត្តឧត្តរមានជ័យ រាយការណ៍ នូវតម្រូវការជាក់ស្តែង នៅតាមតំបន់រងផល ប៉ះពាល់ ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ របស់យោធាថៃ

ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ស្នើរដ្ឋបាលខេត្តឧត្តរមានជ័យ និងមន្ទីរអង្គភាពពាក់ព័ន្ធ ផ្តល់នូវកិច្ចសហការ និងធ្វើការរាយការណ៍ នូវតម្រូវការជាក់ស្តែង នៅតាមតំបន់ ដែលរងផលប៉ះពាល់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះរបស់យោធាថៃ ដើម្បីសិក្សាវាយតម្លៃ និងធ្វើការបោសសម្អាតជាមុន។

ការស្នើរបស់ លោក លី ធុជ ក្នុងកិច្ចប្រជុំបូកសរុបផល ប៉ះពាល់ដោយសារជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ និងការរៀបចំផែនការសកម្មភាព សម្រាប់ធ្វើការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ នៅថ្ងៃទី១០ កញ្ញា នេះ។

ក្នុងជម្លោះប្រដាប់កន្លងទៅនេះ ខេត្តឧត្តរមានជ័យ បានទទួលការខូចខាត និងរងការបំផ្លិចបំផ្លាញ នូវហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិលជាច្រើន ក្នុងនោះរួមមាន ផ្ទះប្រជាពលរដ្ឋ សាលារៀន មណ្ឌលសុខភាព ទីសក្ការៈបូជា និងវត្តអារាម ដោយសារការទម្លាក់គ្រាប់បែក និង គ្រាប់ផ្លោងរបស់ថៃ ហើយប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ត្រូវបានជម្លៀសទៅទីតាំង សុវត្ថិភាព ។ ផលប៉ះពាល់ទាំងដោយយុទ្ធភណ្ឌគ្រឿងផ្ទុះនោះ តម្រូវឱ្យមានការសិក្សាវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ និងធ្វើការបោសសម្អាតជាមុន មុ ននឹងការវិលត្រឡប់ របស់ប្រជាពលរដ្ឋភៀសសឹក សម្រាប់បំពេញសកម្មភាពប្រចាំថ្ងៃ។

ក្នុងកិច្ចប្រជុំនោះ លោក លី ធុជ បានលើកឡើងថា ខេត្តឧត្តរមានជ័យ ធ្លាប់ទទួលរងផលប៉ះពាល់រួចមក ហើយដោយសារសង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា និងបានបន្សល់ទុកនូវមរតកសង្រ្គាមយ៉ាងច្រើនសន្ធឹកសន្ធាប់ គឺគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ រយៈពេលជាង ៣០ឆ្នាំ មកនេះ រាជរដ្ឋាភិបាល រួមជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិការដោះមីន និង ភាគីពាក់ព័ន្ធដទៃទៀត បានរួមសហការគ្នាធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាមបានចំនួន ២៩៦ គីឡូម៉ែត្រការ៉េ ដោយរកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ១០៦៧១២ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១៧៨៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមដទៃទៀត ចំនួន ១០០៥៥៨ គ្រាប់។

លោកទេសរដ្ឋមន្រ្តី បានបន្តទៀត ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងនេះ ក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធកម្ពុជា-ថៃរយៈពេល ០៥ថ្ងៃថ្មីៗ យោធាថៃ បានបន្សល់នូវយុទ្ធភណ្ឌគ្រឿងផ្ទុះ យ៉ាងច្រើនបន្ថែមទៀត ព្រមទាំងបន្ថែមនូវបន្ទុក ជាទម្ងន់ដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីធ្វើការដោះស្រាយយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ ព្រមទាំងបង្កឱ្យមានការខូចខាតដល់សំណង់សាធារណៈ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។

លោក លី ធុជ បានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ចំពោះមុខរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ និងដើម្បីធានាសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋសម្រាប់ការបំពេញសកម្មភាពប្រចាំថ្ងៃវិញ អាជ្ញាធរមីន រួមសហការជាមួយរដ្ឋបាលខេត្ត និង ភាគីពាក់ព័ន្ធ បានចុះពិនិត្យវាយ តម្លៃដោយផ្ទាល់ នូវផលប៉ះពាល់ ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ ព្រមទាំងបានចាត់ជាផែនការ អាទិភាពក្នុងការបោសសម្អាតឱ្យបានគ្រប់ជ្រុងជ្រោយ ក៏ដូចជាគាំទ្រដល់ការកសាងនិងការស្តារឡើងវិញ ដល់សហគមន៍មូលដ្ឋាន ដើម្បីផ្តល់នូវក្តីសង្ឃឹម និងភាពថ្លៃថ្នូរជូនប្រជាពលរដ្ឋ៕

To Top