ព័ត៌មានជាតិ

កម្ពុជា-ថៃ ឯកភាព បង្កើតក្រុមការងារ កំណត់តំបន់សាកល្បង សម្រាប់ដោះមីន

ភ្នំពេញ ៖ ភាគីកម្ពុជា-ថៃ បានឯកភាពរួមគ្នា បង្កើតក្រុមការងារមួយ ដើម្បីឲ្យមាននិយាមនីតិវិធីប្រតិបត្តិ (SOP) ដើម្បីអាចចាប់ផ្តើម កំណត់តំបន់សាកល្បង សម្រាប់ការងារដោះមីន ក្នុងរយៈពេល១ខែខាងមុខ ។

លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងក្រោយបញ្ចប់កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការ ព្រំដែនទូទៅ (GBC)ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះថា ចំពោះការងារ ដោះមីនមនុស្សធម៌ ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការបង្កើតក្រុមការងារ សម្របសម្រួលចម្រុះ ក្នុងរយៈពេល១សប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំពិសេសនេះ ដែលដឹកនាំដោយ លេខាធិការដ្ឋាន នៃគណៈកម្មាធិការ ព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរ ។

រដ្ឋមន្រ្តីបន្តថា ក្រុមការងារនេះ ក៏មានការចូលរួមពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដើម្បីកំណត់ និងឯកភាពដោយភាគីទាំងពីរ នូវតំបន់អាទិភាព ព្រមទាំងសម្របសម្រួលលើការរៀបចំផែនការ និងអនុវត្តការងារនេះ ។

ប្រមុខការពារជាតិបញ្ជាក់ថា ភាគីទាំងពីរ ក៏នឹងរៀបចំឲ្យមាននិយាមនីតិវិធីប្រតិបត្តិ (SOP) ដើម្បីអាចចាប់ផ្តើមកំណត់ តំបន់សាកល្បង សម្រាប់ការងារដោះមីន ក្នុងរយៈពេល ១ ខែខាងមុខ ។ សកម្មភាពនេះ នឹងចូលរួមចំណែកដោយផ្ទាល់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារដល់អាយុជីវិត របស់ប្រជាពលរដ្ឋទាំងសងខាង ៕

To Top