ព័ត៌មានជាតិ

កម្ពុជា ស្វាគមន៍ក្រុមអ្នកសង្កេតការណ៍ (IOT) អញ្ជើញ​មកកម្ពុជា ដែលឆ្លុះបញ្ចាំងឱ្យឃើញ បំណងប្រាថ្នារួម ធ្វើឱ្យបទឈប់បាញ់ ទទួលបានជោគជ័យ

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត នូវវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ (IOT) បានអញ្ជើញដល់កម្ពុជា នាពេលនេះ គឺជាការឆ្លុះបញ្ចាំង ឱ្យឃើញអំពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ ទទួលបានជោគជ័យ និងយូរអង្វែង។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការពារជាតិ នារសៀលថ្ងៃទី១០ កញ្ញា នេះ ថា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលទទួលដំណើរ អញ្ជើញដល់របស់ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor នាយក នាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និង ជាប្រធានបេសកកម្ម IOT (HOM) និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន នៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ។

ក្រសួងការពារជាតិ កម្ពុជា គូសបញ្ជាក់ថា «សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត នូវវត្តមាន របស់ក្រុមអ្នកសង្កេតការណ៍ (IOT) ដែលបានអញ្ជើញដល់ ព្រះរាជាណាចក្រកម្ពុជា នាពេលនេះ គឺជាការចូលរួមយ៉ាងសកម្មរបស់បណ្តាប្រទេស ជាសមាជិកក្នុងសមាគមអាស៊ាន ជាពិសេសមានប្រទេសម៉ាឡេស៊ី ជាប្រធាន ដឹកនាំសម្របសម្រួល ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់ប្រជាជាតិទាំងពីរប្រទេស ទាំងនេះគឺជាការឆ្លុះបញ្ចាំង ឱ្យឃើញអំពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យនិងយូរអង្វែង ជាមួយនឹងគោលដៅនាំមកវិញ នូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ សម្រាប់ប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ថៃ»។

ក្រសួង បន្ដថា សកម្មភាពនេះកើតចេញពីលទ្ធផល ដែលបន្តពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដែលបាននាំទៅដល់ការឯកភាពគ្នា លើបទឈប់បាញ់៕

To Top