អូស្រ្តាលី ថ្កោលទោស ការវាយប្រហារ របស់អ៊ីស្រាអែល លើប្រទេសកាតា

កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលី បានថ្កោលទោសការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល សំដៅទៅលើមន្ត្រីក្រុមហាម៉ាស់ នៅក្នុងរដ្ឋធានីដូហា ប្រទេសកាតាកាលពីថ្ងៃអង្គារ។ លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបានឲ្យដឹង នៅព្រឹកថ្ងៃពុធនេះថា រដ្ឋាភិបាលអូស្ត្រាលីជឿថា ការវាយប្រហារនេះ គឺជារឿងខុសមួយ ដែលអ៊ីស្រាអែលបានធ្វើ ។
លោកស្រីបានប្រាប់ សាជីវកម្មផ្សព្វផ្សាយ អូស្ត្រាលី (ABC) ថា ការវាយប្រហារ ដែលសំដៅទៅលើអគារមួយ ដែលត្រូវបានប្រើប្រាស់ ដោយមន្ត្រីជាន់ខ្ពស់របស់ហាម៉ាស់ បានប្រថុយនឹងធ្វើឱ្យប៉ះពាល់ដល់ការចរចាបទឈប់បាញ់ ។ លោកស្រីបានលើកឡើងថា “កាតា គឺជាភាគីមួយក្នុងចំណោមភាគី ដែលស្វែងរកការសម្របសម្រួលបទឈប់បាញ់ ។ “នេះគឺជាការរំលោភលើអធិបតេយ្យភាពរបស់កាតា។ វាបង្កគ្រោះថ្នាក់ដល់ការឈប់បាញ់ ហើយវាប្រថុយនឹងការកើនឡើង នូវភាពតានតឹងបន្ថែមទៀត”។
នៅពេលសួរថាតើអូស្ត្រាលី នឹងចាត់វិធានការខ្លាំងជាងនេះ ប្រឆាំងនឹងអ៊ីស្រាអែលក្នុងការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសដែរឬទេ លោកស្រី Wong បានលើកឡើងថា រដ្ឋាភិបាលអូស្ត្រាលីមានសមត្ថភាពមានកម្រិត ក្នុងការបញ្ឈប់សង្គ្រាម ប៉ុន្តែនឹងបន្តគាំទ្រការអំពាវនាវឱ្យមានបទឈប់បាញ់។
លោកស្រីបានបន្ដថា “ជាក់ស្តែង យើងមិនមែនជាតួអង្គកណ្តាលនោះទេ ប៉ុន្តែយើងអាចធ្វើការជាមួយអ្នកដទៃ ដើម្បីព្យាយាមធ្វើអ្វីដែលយើងអាចធ្វើ ដើម្បីបញ្ចប់ការឈឺចាប់នៅតំបន់ហ្គាហ្សា និងគាំទ្របទឈប់បាញ់ និងផ្លូវទៅកាន់សន្តិភាព”។ ថ្លែងនៅព្រឹកថ្ងៃពុធ ជំនួយការក្រសួងការបរទេស និងពាណិជ្ជកម្ម លោក Matt Thistlethwaite បានប្រាប់វិទ្យុ ABC ថា វាគឺជា “ការលើកទឹកចិត្ត” ដើម្បីស្តាប់មេដឹកនាំកាតា បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត របស់ពួកគេក្នុងការឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់មួយ ៕
