ព័ត៌មានជាតិ

អភិបាលខេត្តកណ្តាល ណែនាំអាជ្ញាធរ យកចិត្តទុកដាក់សម្រួលចរាចរណ៍ និងរបៀបរៀបរយ ក្នុងអាកាសយានដ្ឋាន អន្ដរជាតិតេជោ

" "

កណ្តាល ៖ បន្ទាប់ពីបានដាក់ដំណើរការនូវ អាកាសយានដ្ឋានអន្ដរជាតិតេជោ មានប្រជាពលរដ្ឋអញ្ជើញទស្សនានៅព្រលានយន្តហោះប្រវត្តិសាស្ត្រនេះ នាំឱ្យមានការកក់ស្ទះចរាចរណ៍នោះ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំសម្រួលចរាចរណ៍ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងអាកាសយានដ្ឋានអន្ដរជាតិតេជោ។

កិច្ចប្រជុំនេះមានការចូលរួមពី នាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបី និងមន្ត្រីរាជការជាច្រើនរូប នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ។

" "

កិច្ចប្រជុំនេះដែរ លោក អភិបាលខេត្ត បានថ្លែងថា «បន្ទាប់ពីបើកដំណើរការជាផ្លូវការអាកាសយានដ្ឋានតេជោ មានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មកទស្សនានូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ ដែលនាំឱ្យមានការកកស្ទះចរាចរណ៍ បាត់បង់សណ្ដាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ ដល់ការធ្វើដំណើរ របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដូច្នេះកងកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់សម្រួលចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយឱ្យបានល្អ បញ្ជៀសការកកស្ទះចរាចរណ៍ ធ្វើយ៉ាងណាមិនត្រូវប៉ះពាល់ ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិឡើយ»។

" "

សូមរំលឹកថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោនេះ គឺជាច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោក ដោយមានផ្ទៃដី ២៦០០ហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទីខេត្តតាកែវ។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ គឺជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕

To Top