ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន​ ម៉ាណែត ៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង ៥៩៧គ្រឿង សម្រាប់ដឹកជញ្ជូនពលរដ្ឋ ទៅស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងឱកាសភ្ជុំបិណ្ឌ

ភ្នំពេញ ៖ សម្ដេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំ រថយន្តក្រុង ៥៩៧គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។

តាមរយៈបណ្ដាញសង្គមផ្លូវការ​ នាព្រឹកថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៥​ សម្ដេចធិបតី​ ហ៊ុន ម៉ាណែត​ បានគូសបញ្ជាក់ថា​
“ដូចដែលបានរៀបចំជាច្រើនឆ្នាំកន្លងមក ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខ្ញុំបានផ្តល់គោលការណ៍ ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំ នូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូន ប្រជាពលរដ្ឋធ្វើដំណើរទៅលេង ស្រុកកំណើតដោយឥតគិតថ្លៃ”។

សម្ដេចធិបតី​ បន្ដថា​ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុង ចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ចំនួន ៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៥ ដោយក្នុងនោះ៖

១. រថយន្តក្រុងចំនួន ១០០គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុង រាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។

២. រថយន្តក្រុងចំនួន ៤៩៧គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅ លេងស្រុកកំណើត និងការវិលត្រលប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៧ គោលដៅ។ ព័ត៌មានលម្អិត សាលារាជធានីភ្នំពេញនិងផ្ដល់ជូនសាធារណៈជនក្នុងពេលឆាប់ៗខាងមុខ។

សម្ដេច​ បន្ថែមថា​ សង្ឃឹមថា ការរៀបចំនេះ នឹងអាចជួយសម្រួល និងសម្រាលបន្ទុកខ្លះ ក្នុងការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះ ៕

To Top