ព័ត៌មានជាតិ

ក្រុមហ៊ុឈានមុខគេពីខេត្ត Guilin គ្រោងបោះទុន​វិនិយោគ​ ក្នុងគម្រោងអភិវឌ្ឍ​ ទេសចរណ៍ដ៏ទំនើប និងប្រើប្រាស់ បញ្ញាសប្បនិមិត្ត

ភ្នំពេញ៖ ក្រុមហ៊ុនដ៏ធំ និងឈានមុខគេ Guilin Junda Transportation មកពីខេត្ត Guilin នៃសាធារណៈរដ្ឋប្រជាមានិតចិន គ្រោងបោះទុនវិនិយោគ ក្នុងគម្រោងអភិវឌ្ឍទេសចរណ៍ដ៏ទំនើប និងប្រើប្រាស់បញ្ញាសប្បនិមិត្ត នៅកម្ពុជា ។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោក MA Tieqiao អគ្គនាយកក្រុមហ៊ុន Guilin Junda Transportation និងសហការី ចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ព្រមទាំងកិច្ចសហការគាំទ្រ​ លើគម្រោងវិនិយោគ ក្នុងវិស័យទេសចរណ៍ នាទីស្តីការក្រសួង។

ក្នុងជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ​ចំពោះគំនិតផ្តួចផ្តើមបោះទុនវិនិយោគរបស់ក្រុមហ៊ុន ដែលបានចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ ប្រកបដោយថាមពល របស់កម្ពុជា ដែលជាទីផ្សារទើបនឹងរះ ព្រមទំាងការជឿជាក់ដ៏មុតមាំ លើការដឹកនាំប្រកប ដោយគតិបណ្ឌិត ត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបន្តធានានូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ជួយឱ្យមានការអភិវឌ្ឍ ឥតឈប់ឈរ លើគ្រប់វិស័យជាពិសេស ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដល់វិស័យទេសចរណ៍ និងការធានាសុខសុវត្ថិភាព ដល់អ្នកទេសចរជាតិ និងអន្តរជាតិ។

លោក ហួត ហាក់ បានគូសបញ្ជាក់ថា ជំនួបនាពេលនេះ ជាជំហានមួយឈានទៅដល់ ការអនុវត្តជាក់ស្តែង នៃគម្រោងវិនិយោគដ៏ធំ និងមានសារៈសំខាន់ ដល់វិស័យវិនិយោគ ព្រមទាំងជូនពរ ដល់លោកអគ្គនាយកក្រុមហ៊ុន និងសហការី ឱ្យទទួលបានជោគជ័យ ប្រកបដោយផ្លែផ្កា ក្នុងដំណើរទស្សនកិច្ចសិក្សា សមិទ្ធិភាពនៃគម្រោងវិនិយោគ នៅកម្ពុជានាពេលនេះ។

ជាកិច្ចឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះលោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដែលបានអនុញ្ញាត​ផ្ដល់ឱកាស ចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងផ្ដល់នូវអនុសាសន៍ណែនាំល្អៗ លើគម្រោងរបស់ក្រុមហ៊ុន៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top