លោក ដូណាល់ ត្រាំ បញ្ជាក់ថា ការសម្រេចចិត្តវាយ ប្រហារក្រុមហាម៉ាស់ ក្នុងប្រទេសកាតា ធ្វើឡើងដោយ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល មិនមែនសេតវិមាននោះទេ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ការសម្រេចចិត្តវាយប្រហារក្រុមហាម៉ាស់ នៅក្នុងរដ្ឋធានីកាតា ត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ មិនមែនធ្វើឡើង ដោយសេតវិមាននោះទេ ។
លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅក្នុងការប្រកាសនៅលើវេទិកាសង្គម Truth Social របស់លោកថា “នេះគឺជាការសម្រេចចិត្តដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ វាមិនមែនជាការសម្រេចចិត្តដែលធ្វើឡើងដោយរូបលោកនោះទេ។
លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកបានប្រាប់ប្រេសិតពិសេសលោក Steve Witkoff ឱ្យជូនដំណឹងដល់ប្រទេសកាតា ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលជិតមកដល់នៅពេល ដែលត្រូវបានជូនដំណឹងដោយយោធាសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃអង្គារ ប៉ុន្តែ “ជាអកុសល វាយឺតពេលក្នុងការបញ្ឈប់ការវាយប្រហារ” ។
លោកប្រធានាធិបតី បានលើកឡើង “ការទម្លាក់គ្រាប់បែកជាឯកតោភាគី នៅខាងក្នុងប្រទេសកាតា ដែលជាប្រទេស អធិបតេយ្យ និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក ដែលធ្វើការយ៉ាងលំបាក និងហ៊ានប្រថុយប្រថានជាមួយយើង ដើម្បីជាឈ្មួញកណ្តាលសន្តិភាព មិនបានឈានទៅដល់គោលដៅរបស់អ៊ីស្រាអែល ឬអាមេរិកនោះទេ”។
លោកបានបន្ដថា លោកចាត់ទុកកាតាជាសម្ព័ន្ធមិត្តដ៏រឹងមាំ និងជាមិត្តរបស់សហរដ្ឋអាមេរិក ហើយមានអារម្មណ៍ថា “វាពិតជាអាក្រក់ណាស់ ចំពោះទីតាំង នៃការវាយប្រហារ” ប៉ុន្តែការហៅការលុបបំបាត់ ក្រុមហាម៉ាស់ថា “ជាគោលដៅ សក្តិសម” ។ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកបាននិយាយទៅកាន់អធិរាជ និងនាយករដ្ឋមន្ត្រី នៃប្រទេសកាតា បន្ទាប់ពីការវាយប្រហារនេះ ហើយ “ធានាថា រឿងបែបនេះនឹងមិនកើតឡើង ម្តងទៀត នៅលើដីកាតានោះទេ” ដោយបន្ថែមថា រដ្ឋមន្ត្រីការបរទេស អាមេរិកលោក Marco Rubio ត្រូវបានដឹកនាំឱ្យបញ្ចប់កិច្ចព្រមព្រៀង សហប្រតិបត្តិការការពារជាតិជាមួយកាតា។
សកម្មភាពរបស់អ៊ីស្រាអែល បានធ្វើឱ្យទីប្រឹក្សាកំពូល មួយចំនួនរបស់លោក ត្រាំ ខឹងសម្បារ ខណៈដែលសេតវិមាន កំពុងរំពឹងថា នឹងទទួលបានការឆ្លើយ តបពីក្រុមហាម៉ាស់ ចំពោះសំណើចុងក្រោយបំផុត របស់លោក សម្រាប់សន្តិភាពនៅតំបន់ ហ្គាហ្សានៅចុងសប្តាហ៍នេះ ៕
