គម្រោងស្ថាបនាស្ពាន ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន៤៥%

ភ្នំពេញ ៖ គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចលទ្ធផលបាន៤៥%ហើយ ខណៈការអនុវត្តគម្រោងលឿន ជាងផែនការ៤,១១% ។ នេះបើតាមហ្វេសប៊ុករបស់លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១១ ខែកញ្ញា។

លោកថា តាមគម្រោង រយៈពេលសាងសង់ មានផែនការរយៈពេល៤២ខែ ដោយត្រៀមនឹងបញ្ចប់ នៅដើមឆ្នាំ២០២៨ខាងមុខ ។

បើតាមអ្នកនាំពាក្យ នៅព្រឹកថ្ងៃ១១ កញ្ញានេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ បានចុះពិនិត្យផ្ទាល់ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា។
ក្នុងឱកាសចុះពិនិត្យនេះ រដ្ឋមន្ត្រីបានវាយតម្លៃខ្ពង់ចំពោះ ក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តគម្រោងដែលបញ្ចប់ និងកំពុងដំណើរការ គោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេស ប្រកបដោយគុណភាព និងសោភណ័្ឌភាព ។ រដ្ឋមន្ត្រីបានជំរុញក្រុមហ៊ុនពន្លឿន ការងារសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ១ និងបន្តពង្រឹងសុវត្ថិភាព ការងារបន្តទៀតដោយហេតុថារដូវវស្សា ទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំ និងបំពាក់បន្ថែមពោងសុវត្ថិភាព លើទឹក ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក ។

សូមបញ្ជាក់ថា ពេលសាងសង់រួច ស្ពាននេះនឹងជួយកាត់បន្ថយការ កកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។ ក្នុងនោះ ក៏បានជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិ តេជោក្រុងតាខ្មៅ ជាពិសេសធ្វើឲ្យប្រសើរឡើង ដល់ប្រសិទ្ធភាព នៃការដឹកជញ្ជូន និងភស្តុភារកម្ម នៅក្នុងតំបន់រាជធានីភ្នំពេញ ។ ជាមួយគ្នានេះ ក៏បានជួយកាត់បន្ថយ ការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿន ការអភិវឌ្ឍតំបន់នោះផងដែរ៕
