ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ បែងចែកជា៧ទីតាំង សម្រាប់ឡេីងជិះរថយន្តក្រុង ទៅស្រុក ដោយឥតគិតថ្លៃ ក្នុងឱកាសភ្ជុំបិណ្ឌ

ភ្នំពេញ៖ ដោយអនុវត្តតាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ។

ការវៀបចំនេះ ធ្វេីឡេីង ដើម្បីជួយសម្រួល ដល់ការចំណាយ របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុក កំណើតជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់។

ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានបែងចែកចំណត សម្រាប់ឡេីង រថយន្តក្រុងជា៧ទីតាំង រួមមាន៖

ទី១. ស្ថានីយរថយន្តក្រុង វាលស្បូវ (ផ្លូវជាតិលេខ១ ច្រកចូលបុរី តារាងសំណាង ដែលទីតាំងនេះ នឹងមានគោលដៅ ឆ្ពោះទៅ ខេត្តព្រៃវែង និងខេត្តស្វាយរៀង។

ទី២. ស្ថានីយរថយន្តក្រុងចាក់អង្រែលេី ដែលទីតាំងនេះ នឹងមានគោលដៅ ឆ្ពោះទៅ ខេត្តកណ្តាល និងខេត្តតាកែវ។

ទី៣. ស្ថានីយរថយន្តក្រុងផ្លូវ២០០៤ (ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស ដែលទីតាំងនេះ នឹងមានគោលដៅ ឆ្ពោះទៅ ខេត្តកែប , ខេត្តកំពត , ខេត្តកំពង់ស្ពឺ , ខេត្តព្រះសីហនុ និងខេត្តកោះកុង។

ទី៤. និង៥. ស្ថានីយរថន្តក្រុងសួនច្បារឬស្សីកែវ ដែលទីតាំងនេះ នឹងមានគោលដៅ ឆ្ពោះទៅ ខេត្តកំពង់ឆ្នាំង , ខេត្តពោធិ៍សាត់ , ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។

ទី៦. ដីឡូត៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា) ដែលទីតាំងនេះ នឹងមានគោលដៅ ឆ្ពោះទៅ ខេត្តកំពង់ធំ, ខេត្តសៀមរាប , ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហ៊ារ។

និងទី៧. ស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង ដែលទីតាំងនេះ នឹងមានគោលដៅ ឆ្ពោះទៅ ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ , ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង , ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ។

ជាមួយគ្នានេះ រថយន្តក្រុងចំនួន ១០០គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូន ប្រជាពលរដ្ឋប្រចាំថ្ងៃ ក្នុងរាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈ អាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។ ចំណែករថយន្តក្រុងចំនួន ៤៩៧គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញ ទៅលេងស្រុកកំណើត និងការវិលត្រលប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៧គោលដៅ ព្រមទាំងបាន រៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃ នៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅ ចេញដំណើរផងដែរ៕
ដោយ៖ ដារាត់| ដើមអម្ពិល

To Top