ព័ត៌មានជាតិ

គណៈកម្មការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សុំគោលការណ៍ណែនាំ ពីក្រសួងសុខាភិបាល ទប់ស្កាត់ផលិតផលក្លែងក្លាយ

ភ្នំពេញ ៖ លោក នៅ លក្ខណា ប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.)បានស្នើសុំគោលការណ៍ណែនាំ ពីលោកសាស្រ្តាចារ្យឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ ផលិតផលក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពប្រជាជន។

ការស្នើសុំរបស់នៅ លក្ខណានេះ បានធ្វើឡើងក្នុងឱកាសសាស្រ្តាចារ្យ ឈាង រ៉ា បានអនុញ្ញាតឲ្យលោកចូលជួបសម្តែងការគួរសម នាថ្ងៃ១០ កញ្ញា ។
លោក នៅ លក្ខណា បានកោតសសើរ នូវការរីកចម្រើនរបស់វិស័យសុខាភិបាល ជាពិសេសការផ្តល់សេវាសុខាភិបាលសាធារណៈ នៅតាមមូលដ្ឋានសុខាភិបាល ។ ទន្ទឹមគ្នានេះដែរ លោកបានគោរពស្នើសុំគោលការណ៍ ណែនាំពីរដ្ឋមន្រ្តី ក្នុងការទប់ស្កាត់ផលិតផលក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់ដល់ សុខុមាលភាពប្រជាជន ។

ជាកិច្ចឆ្លើយតបសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្នុងនាមក្រសួងសុខាភិបាល សាស្រ្តាចារ្យរដ្ឋមន្រ្តី ស្វាគមន៍ចំពោះកិច្ចសហការតាមបច្ចេកទេស ដោយធ្វើយ៉ាងណា ឲ្យកិច្ចសហការនេះបានល្អ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន សំដៅបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋទូទៅ ឱ្យបានកាន់តែប្រសើរឡើង ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសុខភាពប្រជាជន ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានលើកពីយន្តការដែលក្រសួងសុខាភិបាល បាននិងកំពុងអនុវត្ត ដើម្បីពង្រឹង និងលើកកម្ពស់គុណភាពសេវាសុខាភិបាល ទាំងសេវាសុខាភិបាលសាធារណៈ និងឯកជនឲ្យកាន់តែប្រសើរឡើងថែមទៀត ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្តថា ក្រសួងសុខាភិបាល បាននិងកំពុងពង្រឹងការគ្រប់គ្រងគុណភាពឱសថ ផលិតផលបំប៉នសុខភាព ឱសថបុរាណ និងគ្រឿងសម្អាង ដោយធ្វើការត្រួតពិនិត្យគុណភាពផលិតផលនៅលើទីផ្សារជាប្រចាំ ក៏ដូចជាអប់រំណែនាំដល់ធុរជន និងប្រជាពលរដ្ឋ ចំពោះផលិតផលឱសថ ផលិតផលបំប៉នសុខភាព ឱសថបុរាណ ត្រូវមានលេខបញ្ជិកា និងគ្រឿងសម្អាង ត្រូវមានប្រវេទន៍ពីក្រសួងសុខាភិបាល ព្រមទាំងចាត់វិធានការ តឹងរ៉ឹងតាមនីតិវិធី ចំពោះបុគ្គលដែលបានប្រព្រឹត្តល្មើសច្បាប់ ៕

To Top