កម្ពុជា-អង់គ្លេស ចុះ MoU ស្តីពី ការគាំទ្រការកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការដឹកនាំកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃទីស្ដីការគណៈរដ្ឋមន្ត្រី (គ.ក.វ.ផ.ល.) បានអញ្ជើញចូលរួមកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី «ការគាំទ្រការកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) នៅកម្ពុជា» រវាងទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងការបរទេសកំមិនវ៉ែល (Commonwealth) និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស និងអៀរទ្បង់ខាងជើង តំណាងដោយ លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា។

លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ពិតជាមានសារៈសំខាន់ណាស់ ដើម្បីការពារប្រជាជន ធានានូវស្តង់ដានានា សម្រួលសកម្មភាពក្នុងវិស័យឯកជន និងធានាការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ និងប្រសិទ្ធភាព។

លោក បានបន្តទៀតថា ការចូលរួមរបស់ចក្រភពអង់គ្លេស ក្នុងគំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការគាំទ្រដំណើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលនឹងជួយគាំទ្រដល់ការពង្រឹងអភិបាលកិច្ចល្អ និងលើកកម្ពស់នីតិរដ្ឋឱ្យកាន់តែខ្លាំង ជាពិសេសកិច្ចសហការនេះ បានបង្ហាញពីកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ និងរឹងមាំ រវាងចក្រភពអង់គ្លេស និងព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងពិធីនេះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា អនុស្សរណៈនៃ ការយោគយល់គ្នា (MoU) នេះ គឺជាការបោះជំហានឆ្ពោះទៅរកការសម្រេចបាននូវបង្គោលចរយ៉ាងសំខាន់មួយក្នុងរបៀបវារៈនៃការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា, លើកកម្ពស់ការតាក់តែងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងឯកសារគតិយុត្តផ្សេងទៀត ប្រកបដោយភាពឆ្លាតវៃ និងកសាងស្ថាប័នឱ្យកាន់តែរឹងមាំ ព្រមទាំងបង្កើតបរិយាកាសសមស្រប ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់ និងភាតរបរិស្ថាន (Climate Friendly)។

ជាការពិត MoU នេះ នឹងចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពក្រសួង ស្ថាប័នចំនួនបួន តាមរយៈការកសាងសមត្ថភាពមន្ត្រីពាក់ព័ន្ធ និងការរៀបចំថ្នាលសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (E-learning) សម្រាប់ការវាយតម្លៃលើផលប៉ះពាល់សេដ្ឋកិច្ច សង្គម និងបរិស្ថាន នៃសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងឯកសារគតិយុត្តផ្សេងៗ៕
