ព័ត៌មានជាតិ

ទូតចិន បញ្ជាក់ពីការប្តេជ្ញាចិត្ត បន្តពង្រីកកិច្ចសហ ប្រតិបត្តិការ ជាមួយកម្ពុជាបន្ថែមទៀត សំដៅគាំទ្រការអភិវឌ្ឍ ធនធានមនុស្ស

ភ្នំពេញ ៖ លោក WANG WENBIN ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត បន្តពង្រឹង និងពង្រីកកិច្ចសហប្រតបត្តិការ ជាមួយកម្ពុជាជាច្រើនបន្ថែមទៀត តាមរយៈការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនលើវិស័ អប់រំជំនាញវិជ្ជាជីវៈ សំដៅគាំទ្រ ដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតបនឹងចក្ខុវិស័យ អភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ទូតចិន ធ្វើឡើងនាឱកាសអញ្ជើញជាអធិបតី រួមជាមួយ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបិទការប្រកួតប្រជែង សមត្ថភាពជំនាញមហាវិទ្យាល័យ វិជ្ជាជីវៈពិភពលោកឆ្នាំ២០២៥” ប្រចាំតំបន់អាស៊ាន ដែលប្រព្រឹត្តទៅនៅ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។

លោក ឯកអគ្គរដ្ឋទូត បន្ដថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ ដោយបាននិងកំពុងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាច្រើនទូទាំងពិភពលោក តាមរយៈការរៀបចំការ ប្រកួតប្រជែងជាលក្ខណៈអន្តរជាតិយ៉ាងសម្បូរបែប ដែលក្នុងនេះរួមមាន «ការប្រកួតប្រជែង សមត្ថភាពជំនាញមហាវិទ្យាល័យវិជ្ជាជីវៈពិភពលោក ឆ្នាំ២០២៥ ប្រចាំតំបន់អាស៊ាន» ដែលស្តែងឱ្យឃើញពី លទ្ធផលនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការរវាងកម្ពុជា-ចិន លើវិសល័យអភិវឌ្ឍន៍ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយបានទាក់ទាញសិស្សនិស្សិតជាច្រើនមកពីបណ្តាប្រទេស ក្នុងតំបន់ចូលរួមប្រកួតប្រជែង។

មានប្រសាសន៍នាឱកាសនេះដែរ លោក ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីសារៈសំខាន់នៃ ការប្រកួតប្រជែងជំនាញ វិជ្ជាជីវៈ ពិភពលោកឆ្នាំ២០២៥ ជាព្រឹត្តិការណ៍មួយដែលពិភពលោក កំពុងយកចិត្តទុកដាក់និងចាប់អារម្មណ៍។ វេទិកានេះមិនត្រឹមតែជាការប្រកួតសមត្ថភាពនិងជំនាញប៉ុណ្ណោះទេ ថែមទាំងជាការផ្លាស់ប្ដូរគំនិត ការរួមបញ្ចូលគ្នានៃវប្បធម៌ និងការភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នាថែមទៀត ។

លោក ឧបនាយករដ្ឋមន្ត្រី បន្ថែមថា វេទិកានេះ បានបង្កើតឱកាសដល់យុវជន​ និងគ្រូបង្រៀនអប់រំវិជ្ជាជីវៈ រាប់ពាន់នាក់រួច មកហើយ អាចបញ្ចេញសមត្ថភាព និងទេពកោសល្យ ជាពិសេសការបំពេញសេចក្តីស្រមៃរបស់ខ្លួន បង្កើតកម្មវិធីសិក្សា វិធីសាស្ត្របង្រៀន ការពង្រឹងគុណភាពគ្រូ និងការបង្កើតវេទិកាល្អៗ ។ កម្មវិធីប្រកួតនេះក្រោមប្រធានបទ «ជំនាញផ្លាស់ប្ដូរជោគវាសនា ជំនាញបង្កើតអនាគត» ពិតជាឆ្លើយតបទៅ នឹងសេចក្តីត្រូវការ ជាក់ស្តែងរបស់យុវជន និងក្តីសុបិន្តរួមគ្នា ដើម្បីធានាគុណភាពការបណ្តុះបណ្តាលជំនាញ និងទេពកោសល្យ ជូនដល់យុវជនជំនាន់ថ្មី ជាពិសេសយុវជនកម្ពុជា អាចបង្ហាញសមត្ថភាព ទំនុកចិត្ត ភាពក្លាហាន និងទេពកោសល្យរបស់ខ្លួននៅលើឆាកអន្តរជាតិ៕

To Top