ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ចេញមុខថ្កោលទោស សកម្មភាពវាយប្រហារ របស់អ៊ីស្រាអែលក្នុងទឹកដីកាតា

xinhua

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហៅកាត់ថាUNSCកាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសការ វាយប្រហាររបស់អ៊ីស្រាអែល សំដៅទៅលើមន្ត្រីកំពូលៗ របស់ក្រុមហាម៉ាស់នៅទីក្រុងដូហា ប្រទេសកាតា កាលពីថ្ងៃទី៩ខែកញ្ញា និងសោកស្តាយ ចំពោះការបាត់បង់ជីវិត ជនស៊ីវិលក្នុងហេតុការណ៍នេះផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញ ដោយប្រធាន UNSC លោក Sangjin Kim សមាជិកនៃក្រុមប្រឹក្សាបាន គូសបញ្ជាក់អំពីសារៈសំខាន់នៃការកាត់បន្ថយការកើនឡើង និងបង្ហាញពីសាមគ្គីភាពរបស់ពួកគេជាមួយប្រទេសកាតា។

សមាជិករបស់ UNSC បានគូសបញ្ជាក់ពីការគាំទ្ររបស់ពួកគេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសកាតា ហើយបានរំលឹកឡើងវិញនូវការគាំទ្ររបស់ពួកគេចំពោះតួនាទីដ៏សំខាន់ដែលប្រទេសនេះដើរតួក្នុងកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលនៅក្នុងតំបន់ចំពេលមានសង្រ្គាមនៅហ្គាហ្សា។

ពួកគេក៏បានរំលឹកឡើងវិញពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងការទូត ដែលកំពុងបន្តរបស់កាតា រួមជាមួយនឹងអេហ្ស៊ីប និងសហរដ្ឋអាមេរិក ហើយបានអំពាវនាវឱ្យភាគីនានា ចាប់យកឱកាសសម្រាប់សន្តិភាព៕

ប្រែសម្រួល៖ស៊ុនលី

To Top