លោក ឃួង ស្រេង អញ្ជើញរាប់បាត្រ បង្សុកូល ក្នុងពិធីកាន់បិណ្ឌវេនទី៥ នៅវត្តលង្កា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាថ្ងៃកាន់បិណ្ឌទី៥នេះ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងលោកស្រី បានដឹកនាំមន្ត្រីនៃរដ្ឋបាលរាជធានី អញ្ជើញរាប់បាត្រ បង្សុកូល ចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តលង្កាកុសមារាម ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះលោក ឃួង ស្រេង និងលោកស្រី បានរាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា និង ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋាន ទៅកាន់បរលោកខាងមុខ និងបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ ដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ពិសេសឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ វីរៈកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ពីចោរឈ្លានពាន។

ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងវិញ ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំរលាយ។ ក្រោមការបើកទូលាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ។ ក្នុងនោះក៏បានធ្វើឱ្យវិស័យព្រះពុទ្ធចក្រ មានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិ យ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតមកដល់សព្វថ្ងៃ។

ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌវេនទី៥ នាព្រឹកថ្ងៃទី១២ កញ្ញានេះដែរ លោក ឃួង ស្រេង និង លោកស្រី ក៏បានវេប្រគេននូវទ័យវត្ថុ និង គ្រឿងឧបភោគបរិភោគ ជាច្រើន និង ប្រគេនបច្ច័យដល់ព្រះសង្ឃ ដើមី្បយកទៅកសាងសមិទ្ធផលនានា នៅក្នុងទីអារាម នៃវត្តលង្កាកុសមារាមនេះថែមទៀតផង៕
ដោយ៖ ដារាត់| ដើមអម្ពិល













