ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តព្រះសីហនុ បង្ក្រាបបានករណីកាន់កាប់ រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ចំនួន ១៣ដើម និងឃាត់ខ្លួនជនសង្ស័យ ៤៧នាក់

ភ្នំពេញ ៖ ស្នងការនគរបាលខេត្តព្រះសីហនុ បង្ក្រាបបានករណីកាន់កាប់ រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ចំនួន ១៣ដើម និងឃាត់ខ្លួនជនសង្ស័យ ៤៧នាក់ បន្ទាប់ពីមានករណីផ្ទុះអាវុធ មួយកើតឡើង បង្កដោយជនជាតិចិន ២ក្រុម។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង២២និង០០នាទីយប់ មានប្រជាពលរដ្ឋរាយការណ៍មកថា នៅហាងបាយនៅចំនុចព្រីនមល អូឈើទាល ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធ មួយកើតឡើង បង្កដោយជនជាតិចិន២ក្រុម មានគ្នាជាច្រើននាក់។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការបញ្ជាផ្ទាល់ពី ឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញ ចុះទៅដល់ទីតាំងកើតហេតុ ដោយឃាត់ខ្លួនបានជនសង្ស័យជនជាតិចិន ១៤នាក់ (ស្រី១នាក់) និងដកហូតបានអាវុធខ្លី១ដើម ម៉ាក Zoraki មានបង់១ គ្រាប់១គ្រាប់ ។

បន្ទាប់មក កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតឃាត់ខ្លួនបានជនសង្ស័យ ៣៣នាក់ (ស្រី២នាក់) បន្ថែមទៀត។

សរុបសមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនសង្ស័យចំនួន ៤៧នាក់ ស្រី ៥នាក់ (ចិន ៣៥នាក់ ស្រី ៣នាក់,នេប៉ាល់ ៤នាក់ និងខ្មែរ ៨នាក់ ស្រី ២នាក់) ។

វត្ថុតាងដកហូតបាន៖ -អាវុធវែង និងខ្លី ចំនួន១៣ដើម (អាវុធវែង ២ដើម និងអាវុធខ្លី ១១ដើម) -គ្រាប់ជាច្រើនគ្រាប់-ម្សៅស សង្ស័យជាសារធាតុញៀនមួយចំនួន-រថយន្តចំនួន ៥គ្រឿង ចំពោះមូលហេតុ៖ ករណីផ្ទុះអាវុធខាងលើ សមត្ថកិច្ចកំពុងសាកសួរ និងស្រាវជ្រាវ ។

ករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវស្រាវបន្ថែម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់ ៕

To Top