ភ្នំពេញ ៖ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តទៅមុខតាមផ្លូវចំណងមិត្តភាព កម្ពុជា-ចិន ដែលកសាងដោយ សម្តេចព្រះ នរោត្តម សីហនុ និងថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសចិន បន្តមរតក និងអភិវឌ្ឍមិត្តភាពរវាង ប្រទេសទាំងពីរ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែប្រសើរថែមទៀត ដល់ប្រជាជនទាំងពីរ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកដែលមានឈ្មោះថាRoyal du Cambodge។
ក្នុងពិធី ព្រះរាជសវនការជាមួយលោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជ ឱង្ការថា «ខ្ញុំនឹងបន្តទៅមុខតាមផ្លូវចំណងមិត្តភាព កម្ពុជា- ចិន ដែលបានកសាងដោយ សម្តេច ព្រះ នរោត្តម សីហនុ និងថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសចិន បន្តមរតក និងអភិវឌ្ឍមិត្តភាព រវាងប្រទេសទាំងពីរ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែប្រសើរថែមទៀត ដល់ប្រជាជននៃ ប្រទេសទាំងពីរ»។
ព្រះអង្គ ជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង កម្ពុជា-ចិន នឹងត្រូវបានពង្រឹងបន្ថែមទៀត ហើយ មិត្តភាពប្រជាជននឹងបន្តកាន់តែស៊ីជម្រៅថែមទៀត ផងដែរ។
ក្នុងព្រះរាជសវនការដ៏វិសេសវិសាលនោះ លោក Wang Yi បានមានប្រសាសន៍ថា «មិត្តភាព ចិន-កម្ពុជា គឺជាមិត្តភាពដែលមិនអាចបំបែកបាន និងបានទប់ទល់ទៅនឹងការសាកល្បង នៃ ការផ្លាស់ប្តូរអន្តរជាតិ ហើយវាអាចត្រូវបានគេហៅថា ជាគំរូនៃការផ្លាស់ប្តូររវាងប្រទេស និងរដ្ឋ ។ ព្រះករុណា ព្រះមហាក្សត្រ បានទទួលមរតកជាប្រពៃណីដ៏មានតម្លៃ នៃសម្តេចព្រះ នរោត្តម សីហនុ ជាមួយប្រទេសចិន និងបានចូលរួមចំណែកយ៉ាងសំខាន់ៗ ក្នុងការលើកកម្ពស់ចំណង មិត្តភាព កម្ពុជា-ចិន ឲ្យកាន់តែមានភាពល្អប្រសើរ»។
លោកបន្ដថា ដោយឈរលើមូលដ្ឋាននៃការបង្កើតភាព ជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ភាគីទាំងពីរ កំពុងខិតខំប្រឹងប្រែងលើកកម្ពស់ការកសាងសហគមន៍ នៃវាស នារួមគ្នា និងឈានទៅរកយុគសម័យថ្មីនៃការអភិវឌ្ឍន៍រួម និងវិបុលភាពរួមគ្នារវាងចិន និងកម្ពុជា។
លោក Wang Yi បានរំលឹកថា បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺរលាកសួតប្រភេទថ្មី ( COVID-19 ) ក្រោមការបញ្ជាផ្ទាល់របស់ លោក ប្រធានាធិបតី Xi JinPing រដ្ឋាភិបាលចិនបានចាត់ទុក ជីវិតប្រជាជន សុខភាព និងសុវត្ថិភាព ជាអាទិភាពហើយបានយកអំណាចរបស់ប្រទេសចិន ចាត់វិធានការការពារ និងត្រួតពិនិត្យឲ្យបានហ្មត់ចត់បំផុត រហូតទទួលបានជោគជ័យក្នុងការ គ្រប់គ្រងការរីករាលដាលប្រកបដោយប្រសិទ្ធភាព។
លោកបន្ថែមថា ភាគីចិនមានសេចក្តីរីករាយដោយឃើញថា ក្រោមម្លប់បារមីរបស់ ព្រះករុណា ព្រះមហាក្សត្រ និងក្រោមការដឹកនាំរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រទេសកម្ពុជា ក៏មានការជឿនលឿនទៅមុខ គួរឲ្យកត់សម្គាល់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។
លោក ជឿជាក់ថា ប្រជាជនកម្ពុជានឹងជៀសផុតពីការរីករាលដាលនៃជំងឺនេះ។ ទន្ទឹមនឹងនេះ ទាំងចិន និងកម្ពុជា នៅតែប្រឈមនឹងហានិភ័យ និងបញ្ហាប្រឈមនៃការងើបឡើងវិញនៃជំងឺ នេះ ចំពោះប្រជាជនក្នុងស្រុក និងការនាំចូលពីខាងក្រៅ។ ភាគីទាំងពីរ គួរតែពង្រឹងថែមទៀត នូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ក្នុងការការពារ និងគ្រប់គ្រង ហើយស្ដារឡើងវិញនូវជីវិតសេដ្ឋកិច្ច និងសង្គម ក្នុងខណៈពេលដែលប្រកាន់ ខ្ជាប់នូវការការពារនិងការត្រួតពិនិត្យ ចំពោះការរីករាលដាលនៃជំងឺ COVID-19 ។
លោកបន្តទៀតថា នៅពេលដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំង នឹងរោគរាតត្បាតរបស់ប្រទេសចិន ប្រទេសកម្ពុជា បានផ្តល់ការគាំទ្រយ៉ាងរឹងមាំជូនដល់ប្រទេសចិន។
ក្នុងខណៈពេលដែល ព្រះករុណា ព្រះមហាក្សត្រ ទ្រង់គង់ប្រថាប់ពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានី ប៉េកាំង ព្រះអង្គបានសព្វព្រះរាជហឫទ័យបង្ហូត ទង់ព្រះមហាក្សត្រត្រឹមពាក់ កណ្តាល ដង នៅមុខព្រះរាជដំណាក់ ដើម្បីកាន់ទុក្ខដល់អ្នកស្លាប់ដោយសារជំងឺ COVID-19។
ចំណែកឯ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គបានប្រារព្ធពិធីតាមបែប ព្រះពុទ្ធសាសនានៅព្រះបរមរាជវាំងនៃប្រទេសកម្ពុជា ដើម្បីបួងសួងដល់ប្រជាជនចិន។
សូជម្រាបជូនថា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព៕
ដោយ៖ អេង ប៊ូឆេង