រដ្ឋមន្រ្តី ថោ ជេដ្ឋា បង្ហាញនូវជំនឿយ៉ាងមុតមាំ ចំពោះការគាំទ្រ និងភាពជាដៃគូរបស់ ADB ដើម្បីជួយកម្ពុជា

ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញនូវជំនឿយ៉ាងមុតមាំចំពោះការគាំទ្រ និងភាពជាដៃគូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីជួយដល់ប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យកាន់តែខ្លាំងថែមទៀត។
ការបង្ហាញនូវជំនឿយ៉ាងមុតមាំរបស់ លោករដ្ឋមន្រ្តី ថោ ជេដ្ឋា នាឱកាសអនុញ្ញាតឱ្យប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោក Anthony Gill ប្រធានផ្នែកប្រតិបត្តិការប្រចាំប្រទេស និងសហការី ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១២ កញ្ញា នេះ។
ថ្លែងក្នុងកិច្ចជំនួប លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី និងបានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការធ្វើទំនើបកម្មវិស្វកម្មគ្រប់ជ្រុងជ្រោយហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ដែលធានាបាននូវសន្តិសុខទឹក ព្រមទាំងការផ្គត់ផ្គង់ទឹកជូនដល់គ្រប់វិស័យ ជាពិសេសដល់អ្នកទទួលផលដែលជាស្ត្រី ក្រុមារ និងមនុស្សចាស់ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានបង្ហាញនូវជំនឿយ៉ាងមុតមាំចំពោះការគាំទ្រ និងភាពជាដៃគូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីជួយដល់ប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យកាន់តែខ្លាំងថែមទៀត ជាពិសេសវិស័យធនធានទឹក និងឧតុនិយម ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងបានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការគ្រប់គ្រង និងការអភិវឌ្ឍវិស័យធនធានទឹកឱ្យកាន់តែមានប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន សម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តគម្រោងវិនិយោគក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ចំនួនពីរគឺ៖ ទី១)គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម(IAIP) និងទី២)គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ(IWRM)៕


