លោក ឆាយ ឫទ្ធិសែន ជួបសំណេះសំណាល ជាមួយគណៈកម្មការអភិវឌ្ឍន៍ភូមិ និងពិនិត្យស្ថានភាព ជាក់ស្ដែងភូមិ ចំនួន ៣ទីតាំង ដែលគ្រោងអភិវឌ្ឍ ជាភូមិគំរូគន្លឹះ នៅក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មការអភិវឌ្ឍន៍ភូមិ (គ.អ.ភ.) ព្រមទាំងពិនិត្យស្ថានភាព នៃការអភិវឌ្ឍនៅក្នុងភូមិចំនួន ៣ គឺភូមិត្បែងខ្ពស់ ភូមិចំបក់កន្ទ្រាញ និងភូមិវាលស្បូវ ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

លោក ឆាយ ឫទ្ធិសែន បានប្រសាសន៍ថា គោលបំណង នៃការជួបសំណេះសំណាលនាពេលនេះ គឺដើម្បីស្វែងយល់អំពីសក្ដានុពលសំខាន់ៗ ដែលមាននៅក្នុងមូលដ្ឋានជាអាទិ៍៖ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ការប្រើប្រាស់ទឹកស្អាត និងអនាម័យ ការផ្តល់សេវាសាធារណៈ ការថែរក្សាប្រពៃណី និងវប្បធម៌ ការបង្កើតមុខរបរដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ដែលជួយឱ្យសហគមន៍មានភាពរីកចម្រើនឆាប់រហ័ស និងអាចក្លាយជាភូមិគំរូគន្លឹះនាពេលខាងមុខ ។

ក្នុងឱកាសជួបសំណេះសំណាលនៅតាមទីតាំងនីមួយៗ លោក ឆាយ ឫទ្ធិសែន និងប្រតិភូ រួមដំណើរ បានអញ្ជើញពិនិត្យស្ថានភាពជាក់ស្ដែង ទីតាំងសម្រាប់សាងសង់ជាទីស្នាក់ការគណៈកម្មការ អភិវឌ្ឍន៍ភូមិផងដែរ។

ជាមួយគ្នានោះដែរ លោក ឆាយ ឫទ្ធិសែន ក៏បានអញ្ជើញពិនិត្យបច្ចេកទេសក្នុងការដាំបន្លែ ក្នុងផ្ទះសំណាញ់ និងការចិញ្ចឹមសត្វដូចជា ជ្រូក កង្កែប ត្រី របស់ប្រជាពលរដ្ឋក្នុងសហគមន៍ ដែលជួយបង្កើនជីវភាពរបស់គាត់បន្ថែមមួយកម្រិតទៀត។

ទន្ទឹមនឹងនោះ លោក ឆាយ ឫទ្ធិសែន ក៏បានអញ្ជើញប្រគល់ជូនរទេះកង់សម្រាប់ជនមានពិការភាព និងឈើច្រត់មួយសម្រាប់ ជូនលោកស្រី ជន មុំ ភរិយារបស់លោក សាត់ គុន សមាជិកគណៈកម្មការអភិវឌ្ឍន៍ភូមិត្បែងខ្ពស់ ដែលលោកស្រី ជន មុំ មានពិការភាពដោយសារជំងឺប្រចាំកាយ។

បន្ទាប់មក លោក ឆាយ ឫទ្ធិសែន និងប្រតិភូរួមដំណើរ បានអញ្ជើញទៅជួបសំណេះសំណាល សាកសួរសុខទុក្ខ ចំពោះក្រុមគ្រួសារសពវីរកងទ័ព លោកវរសេនីយ៍ត្រី អ៊ួន ហាច មេបញ្ជាការរងគ៣ វរសេនាតូចលេខ២ កងពលតូចអន្តរាគមន៍លេខ១ បានពលីជីវិត ក្នុងជន្មាយុ ៤៦ឆ្នាំ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅលើសមរភូមិប្រយុទ្ធ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្ថិតនៅក្នុង ភូមិស្វាយដូនកែវ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ដោយមានការយកចិត្តទុកដាក់សំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង លោករដ្ឋមន្ដ្រី បានជួយនាំយកថវិការសម្រាប់ឧត្ថម្ភក្នុងការជួយសាងសង់ខ្លោងទ្វាររបង ចូលគេហដ្ឋាន ដោយចាក់បង្គោលថ្ម និងមានទ្វារធ្វើពីដែកសម្រាប់បើក បិទ ប្រវែង៥ម៉ែត្រ ជូនដល់ក្រុមគ្រួសារលោកវរសេនីយ៍ត្រី អ៊ួន ហាច ផងដែរ៕



