សំបុត្រមួយច្បាប់របស់លោក Xi Jinping ផ្ញើជូនគ្រូបង្រៀនរបស់លោក

“អ្នកគ្រូ Chen ៖ ជំរាបសួរ! ខ្ញុំបានទទួលសំបុត្ររបស់អ្នកហើយ ។ សូមថ្លែងអំណរគុណ ចំពោះអ្នកគ្រូដែលបានជូនអំណោយសៀវភៅអក្សរសិល្ប៍កុមារ។ ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់អ្នកគ្រូបន្ទាប់ពីចូលនិវត្តន៍…ខ្ញុំមិនភ្លេចគុណគ្រូរបស់ខ្ញុំជារៀងរហូត។
នេះជាសំបុត្រដែលលោក Xi Jinping បានសរសេរកាលពីជាង ២០ ឆ្នាំមុន ដើម្បីផ្ញើជូនចំពោះលោកស្រី Chen Qiuying ជាគ្រូបង្រៀនលោកនៅអនុវិទ្យាល័យ បន្ទាប់ពីលោកទទួលបានសៀវភៅពីគ្រូបង្រៀន ។ កាលនោះលោកកាន់តំណែងជាលេខាធិការរងនៃគណៈកម្មាធិការបក្សប្រចាំខេត្ត Fujian និងជាអភិបាលស្តីទីនៃខេត្តនេះ ។

ថ្លែងក្នុងសំបុត្រនេះ លោក Xi Jinping បានលើកឡើងជាពិសេសថា ការគោរពគ្រូបង្រៀន និងការអប់រំ គឺជាគុណធម៌ប្រពៃណីរបស់ប្រជាជាតិចិន។ “ដូចដែលលោកប្រធានរដ្ឋចិនម៉ៅសេតុង បានថ្លែងទៅកាន់លោក Xu Teli ថា៖ កាលពីមុន លោកជាគ្រូរបស់ខ្ញុំ ឥឡូវនេះលោកក៏នៅតែជាគ្រូរបស់ខ្ញុំ ហើយនាពេលអនាគត លោកនៅតែជាគ្រូរបស់ខ្ញុំ “។ “ខ្ញុំមានគ្រូជាច្រើនរូប ហើយមកទល់សព្វថ្ងៃនេះ ខ្ញុំនៅតែចងចាំរូបរាងរបស់ពួកគាត់។ ពួកគាត់បានបង្រៀនខ្ញុំនូវចំណេះដឹង និងធ្វើឱ្យខ្ញុំក្លាយជាមនុស្សល្អ ដែលបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ខ្ញុំ” ។
លោក Xi Jinping តែងតែអនុវត្តជាក់ស្តែងដើម្បីសម្តែងការដឹងគុណចំពោះគ្រូបង្រៀន ។
នៅខែកញ្ញាឆ្នាំ ២០១៦ លោក Xi Jinping បានទស្សនកិច្ចទៅកាន់សាលា Beijing Bayi ដែលលោកធា្លប់ចូលរៀន ។ លោកបានថ្លែងថា “ខ្ញុំពិតជារីករាយណាស់ដែលឃើញគ្រូទាំងអស់មានស្មារតីរឹងមាំបែបនេះ។ កាលពីមុន គ្រូតឹងរ៉ឹងជាមួយពួកយើង។ ឥឡូវនឹកឡើងវិញ ឃើញថា គឺបានផ្តល់ផលប្រយោជន៍សម្រាប់យើងពេញមួយជីវិត”។ គ្រូម្នាក់បាននិយាយថា “អ្នកបាននាំមកនូវសុភមង្គលដល់ប្រជាជន”។
លោក Xi Jinping បានឆ្លើយតបថា “នេះគឺមកពីគ្រូបង្រៀនដែលបានបណ្តុះបណ្តាលពួកយើង” ។ លោក Xi Jinping តែងតែកោតសរសើរចំពោះគ្រូបង្រៀនឆ្នើម។ លោកបានកោតសរសើរចំពោះគ្រូបង្រៀននៃសាលាបឋមសិក្សាជនបទមួយនៅទីក្រុង Chongqing ថា “ខ្ញុំសង្ឃឹមថានឹងឃើញគ្រូបង្រៀននៅជនបទជាច្រើនដូចអ្នកទាំងអស់គ្នា ដើម្បីបណ្តុះបណ្តាលអ្នកជំនាន់ក្រោយដ៏ឆ្នើមសម្រាប់ប្រទេសជាតិ និងស្រុកកំណើតរបស់យើង។ ការងារអ្នកទាំងអស់គ្នាពិតជាមានន័យខ្លាំងណាស់”។ ពេលទស្សនកិច្ចនៅសាកលវិទ្យាល័យគរុកោសល្យប៉េកាំង លោក Xi Jinping រំភើបចិត្តណាស់ពេលនិយាយពីរឿងរ៉ាវរបស់គ្រូបង្រៀនឆ្នើមជាច្រើន លោកបានថ្លែងថា “នេះជាសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់មនុស្សជាតិ” ។ លោកបានបន្ថែមថា “គ្រូខ្លះចំណាយប្រាក់ខែមានកំណត់ ដើម្បីផ្គត់ផ្គង់សិស្សក្រីក្រ ខ្លាចពួកគេបោះបង់ឱកាសចូលរៀន ខ្លះប្រើចំណូលដើម្បីទិញឧបករណ៍បង្រៀន ខ្លះស្ពាយសិស្សទៅសាលារៀន ខ្លះទោះជាពិការក៏ដោយ ក៏នៅតែបង្រៀនសិស្សដដែល។ រឿងរ៉ាវទាំងនេះធ្វើឱ្យអ្នកផងទាំងពួងរំជួលចិត្ត និងស្រក់ទឹកភ្នែក។”
ការជួបគ្រូល្អគឺជាសំណាងក្នុងឆាកជីវិត មានគ្រូបង្រៀនល្អគឺជាកិត្តិយសរបស់សាលា ហើយការលេចចេញគ្រូឆ្នើមជាបន្តបន្ទាប់គឺជាក្តីសង្ឃឹមរបស់ប្រជាជាតិ។ នាពេលថ្មីៗនេះ តំណាងគ្រូបង្រៀននៅជនបទចំនួនប្រាំបីនាក់បានសរសេរសំបុត្រផ្ញើជូនចំពោះលោក Xi Jinping ដើម្បីរាយការណ៍អំពីការងារ និងបទពិសោធរបស់ពួកគេក្នុងវិស័យអប់រំនៅជនបទ និងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការប្រកាន់ខ្ជាប់នូវគោលបំណងដើម និងបន្តបង្រៀនសិស្សនៅជនបទ ។
កាលពីថ្ងៃទី៨ ខែកញ្ញា ថ្លែងក្នុងសំបុត្រឆ្លើយតបរបស់លោក Xi Jinping បានរំលឹកម្តងទៀតថា គ្រូបង្រៀនគឺជាមូលដ្ឋានគ្រឹះនៃការអប់រំ។ “សង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តប្រកាន់ខ្ជាប់នូវគោលបំណងដើមនៃការអប់រំ លើកកម្ពស់សមត្ថភាពរបស់ខ្លួនដើម្បីបង្រៀនសិស្សានុសិស្សឱ្យរីកចម្រើនលូតលាស់បានល្អ ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបណ្តុះបណ្តាលអ្នកកសាងនិងអ្នកបន្តវេនដ៏ឆ្នើមសម្រាប់ប្រទេសជាតិ និងរួមចំណែកថ្មីដល់ការជំរុញការអភិវឌ្ឍជនបទនិងការកសាងប្រទេសខ្លាំងខាងវិស័យអប់រំ ។
