ព័ត៌មានអន្តរជាតិ

សមាជិកសភាជប៉ុន​ ជំរញឧ្យរដ្ឋាភិបាល​ ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

kyodo

តូក្យូ៖​ ក្រុមសមាជិកសភាជប៉ុន​ ដែលមិនប្រកាន់បក្សពួកកាលពីថ្ងៃព្រហស្បតិ៍បានដាក់ញត្តិមួយដែលមានហត្ថលេខាចំនួន ២០៦ ទៅកាន់រដ្ឋមន្ត្រីការបរទេសលោក​ Takeshi Iwaya ដោយជំរុញឱ្យរដ្ឋាភិបាលទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមួយ។

ការផ្លាស់ប្តូរនេះបានធ្វើឡើងមុនសន្និសីទអន្តរជាតិកម្រិតខ្ពស់នៅទីក្រុងញូវយ៉កកាលពីថ្ងៃទី២២​ ខែកញ្ញា ស្តីពីដំណោះស្រាយរដ្ឋពីរដែលបានស្នើឡើងចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន​ ដែលអូសបន្លាយរាប់ទសវត្សរ៍។

លោកស្រី Tomoko Abe មកពីគណបក្សប្រជាធិបតេយ្យធម្មនុញ្ញនៃប្រទេសជប៉ុនបានឧ្យដឹងនៅពេលលោកស្រី និងសមាជិកបក្សប្រឆាំងពីរនាក់ផ្សេងទៀតនៃក្រុមជួបជាមួយរដ្ឋមន្ត្រីការបរទេសថា “អ៊ីស្រាអែលមិនមានចេតនាក្នុងការយល់ព្រមលើបទឈប់បាញ់នោះទេ ហើយការអត់ឃ្លានរបស់កុមារមិនអាចត្រូវបានគេមិនអើពើបាននោះទេ” ។

ក្រុមនេះក៏រួមបញ្ចូលសមាជិកនៃគណបក្សប្រជាធិបតេយ្យសេរី​ ដែលកំពុងកាន់អំណាចផងដែរ​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ប្រទេសនានា រួមទាំងបារាំង និងអង់គ្លេស គ្រោងនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅពេលដែលសម្ពាធអន្តរជាតិ កើនឡើងលើអ៊ីស្រាអែល ជុំវិញសង្គ្រាមនៅតំបន់ហ្គាហ្សា និងវិបត្តិភាពអត់ឃ្លានកាន់តែអាក្រក់ទៅៗ។ ជប៉ុននៅតែថ្លឹងថ្លែងជំហររបស់ខ្លួន។

លោក Iwaya បានលេីកឡេីងថា “ខ្ញុំយកចិត្តទុកដាក់ចំពោះរឿងនេះ ចាប់តាំងពីហត្ថលេខាជាច្រើនត្រូវបានប្រមូល” ដោយបន្ថែមថា ក្រសួងនឹងពិនិត្យលើបញ្ហានេះបន្ថែមទៀត៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top