ADB បង្ហាញពីការប្តេជ្ញាចិត្តបន្តប្រតិបត្តិការជាមួយកម្ពុជា ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ លោក បាហ្គាវ ដាសគ្គូបតា (Bhargav Dasgupta) អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទទួលបន្ទុកផ្នែកដំណោះស្រាយទីផ្សារ បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ ADB ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើការអភិវឌ្ឍវិស័យអាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា សំដៅឈានឆ្ពោះទៅសម្រេចនូវចក្ខុវិស័យឆ្នាំ ២០៥០ របស់កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីជំនួបសម្ដែងការគួរសមរវាងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១កញ្ញា និងលោក បាហ្គាវ ដាសគ្គូបតា (Bhargav Dasgupta) អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទទួលបន្ទុកផ្នែកដំណោះស្រាយទីផ្សារ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់គណៈប្រតិភូនៃធនាគារអភិវឌ្ឍន៍អាស៊ីនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។
លោក បាហ្គាវ ដាសគ្គូបតា បន្ដថា ជាក់ស្តែង, ADB បានផ្តល់ការគាំទ្រវិស័យឯកជនកម្ពុជាដោយផ្ទាល់ទាំងជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងការផ្តល់ហិរញ្ញប្បទានសម្រាប់ SMEs កម្ពុជាដោយផ្ទាល់ ក្រោមកញ្ចប់កម្មវិធី ADB Frontier ដែលជាកម្មវិធីផ្តល់ហិរញ្ញប្បទានជាដើមទុនដំបូងសម្រាប់គាំទ្រ SMEs ហើយកម្ពុជាជាប្រទេសដែល ADB ជ្រើសរើសក្នុងការផ្តល់ទុន សាកល្បងដំបូងគេក្នុងចំណោមប្រទេសក្នុងតំបន់។
ការជំរុញប្រសិទ្ធភាពពាណិជ្ជកម្ម និងការប្រកួតប្រជែងនៅកម្ពុជា ដោយផ្ដោតលើកំណែទម្រង់ ០៣ គឺ៖ (១)ការបង្កើនបរិយាកាសអំណោយផលសម្រាប់វិនិយោគទុន និងអាជីវកម្ម, (២) ការលើកកម្ពស់ពាណិជ្ជកម្មមីក្រូ, ខា្នតតូច, និងខ្នាតមធ្យម និង (៣)ការកែលម្អគោលនយោបាយពាណិជ្ជកម្ម និងការបង្កើនប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលពាណិជ្ជកម្ម។
ការផ្តល់ហិរញ្ញប្បទានសម្រាប់ការគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន តាមរយៈការផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាប និងក្នុងលក្ខខណ្ឌអំណោយផល សម្រាប់សកម្មភាពការងារផ្សេងៗរបស់ SMEs សំដៅចូលរួមចំណែកដល់ការគ្រប់គ្រងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការជំរុញការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍភាពជាដៃគូរវាងរដ្ឋ និងឯកជន ផងដែរ។
លោក អូន ព័ន្ធមុនីរ័ត្ន បានស្នើ ADB បន្តគាំទ្រការពង្រឹងវិស័យឯកជនកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសម្រាប់វិស័យឯកជន (Non-Sovereign Loan) និង គិតគូរបន្ថែមលើ៖ (១) គោលនយោបាយ និងយុទ្ធសាស្រ្តសម្រាប់ការពង្រឹងនគរូបនីយកម្ម, (២) ការវិនិយោគលើហេដ្ឋារចនា សម្ព័ន្ធរូបវន្ត ដែលជាវិស័យគន្លឹះលើការជំរុញការអភិវឌ្ឍវិស័យឯកជន, ការកាត់បន្ថយភាពក្រីក្រ និងការ អភិវឌ្ឍសង្គមជារួម, (៣) កំណែទម្រង់គោលនយោបាយគាំទ្រការអភិវឌ្ឍ និងបង្កើនបរិយាកាសអំណោយ ផលដល់វិស័យឯកជន និងពាណិជ្ជកម្ម, និង (៤)ការគាំទ្រផ្នែកជំនាញ, បច្ចេកវិទ្យា និងការកៀរគរធនធាន បន្ថែម សម្រាប់ជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង SMEs កម្ពុជា ដើម្បីអាចរួមចំណែកក្នុង ការជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
