អង្គការ OPEC រក្សាការព្យាករណ៍កំណើន តម្រូវការប្រេងពិភពលោក មិនផ្លាស់ប្តូរ សម្រាប់ឆ្នាំ២០២៥-២០២៦

វីយែន៖ អង្គការនៃប្រទេស នាំចេញប្រេង (OPEC) បានឧ្យដឹងថា ខ្លួននឹងរក្សាការព្យាករណ៍របស់ខ្លួន សម្រាប់កំណើនតម្រូវការ ប្រេងពិភពលោកនៅឆ្នាំ២០២៥ និង២០២៦។
នៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែចុងក្រោយរបស់ខ្លួន OPEC បានព្យាករថាតម្រូវការនឹងកើនឡើងប្រហែល ១.៣លានបារ៉ែលក្នុងមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំក្នុងឆ្នាំ២០២៥ និង ១.៤លានបារ៉ែលក្នុងឆ្នាំ២០២៦ ទាំងមិនផ្លាស់ប្តូរពីការរំពឹងទុកកាលពីខែមុន។
របាយការណ៍បានឧ្យដឹងថា តម្រូវការប្រេងនៅក្នុងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ត្រូវបានគេរំពឹងថានឹងកើនឡើងប្រហែល ១០ម៉ឺនបារ៉ែល ក្នុងមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលតម្រូវការ នៅក្នុងអង្គការមិនមែន OECD ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងប្រហែល ១.២លានបារ៉ែលក្នុងមួយថ្ងៃ ដែលត្រូវបានជំរុញភាគ ច្រើនដោយអាស៊ីផ្សេងទៀត ចិន និងឥណ្ឌា ជាមួយនឹងតំបន់ផ្សេងទៀត ក៏បង្ហាញពីកំណើនស្ថិរភាពផងដែរ។
ដោយលើកឡើងពីសន្ទុះខ្លាំង នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ អង្គការ OPEC បានទុកការព្យាករណ៍កំណើន សេដ្ឋកិច្ចពិភពលោករបស់ខ្លួនមិនផ្លាស់ប្តូរនៅ ៣ភាគរយសម្រាប់ឆ្នាំ២០២៥ និង ៣.១ ភាគរយសម្រាប់ឆ្នាំ២០២៦៕
ប្រែសម្រួល ឈូក បូរ៉ា
