ព័ត៌មានជាតិ

អភិបាលខេត្តត្បូងឃ្មុំ ចូលរួមកាន់បិណ្ឌទី៦ នៅវត្តបទុមរតនារាម(មេមត់)

ត្បូងឃ្មុំ ៖ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយនឹងថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការជាច្រើនរូប បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តបទុមរតនារាម (វត្តមេមត់) ក្នុងស្រុកមេមត់។

ក្នុងពិធីបុណ្យប្រពៃណីដ៏សំខាន់នេះ លោកអភិបាល ខេត្ត បានដឹកនាំក្រុមការងាររាប់បាត្រ និងបង្សុកូល ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ មាតាបិតា ជីដូនជីតា ញាតិកាលទាំង៧សណ្តាន និងវីរៈកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ។

ក្នុងឱកាសនោះ លោកក៏បានរំលឹកផងដែរថា ពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបានប្រារព្ធឡើងវិញយ៉ាងពេញលេញ បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលបានបញ្ចប់របបប្រល័យពូជសាសន៍ ប៉ុល ពត។

ការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យព្រះពុទ្ធសាសនា គឺកើតចេញពីការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបន្តពីសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនឆ្នើមដទៃទៀត រហូតមកដល់បច្ចុប្បន្ន ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ការរីកចម្រើននេះ បានអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ គ្រប់រូបអាចគោរពប្រតិបត្តិប្រពៃណី សាសនារបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន ដូចដែលបានបន្សល់ទុកតាំង ពីបុរាណរហូតមកដល់បច្ចុប្បន្ន៕
ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/

To Top