ព័ត៌មានអន្តរជាតិ

ចិន​ ជំរុញ​ភាគី​ពាក់ព័ន្ធ ជាពិសេស​អ៊ីស្រាអែល​ ឱ្យ​ធ្វើកិច្ចការ​បន្ថែម​ទៀត ​លើ​ការ​បន្ត​ការ​ចរចាឡេីងវិញ

xinhua

ប៉េកាំង៖ ប្រទេសចិន​ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានការណ៍កាន់តែតានតឹងនៅមជ្ឈិមបូព៌ា ដោយជំរុញឱ្យភាគីពាក់ព័ន្ធ ជាពិសេសអ៊ីស្រាអែល ធ្វេីយ៉ាងណាខិតខំប្រឹងប្រែងជាវិជ្ជមានបន្ថែមទៀត ដើម្បីបន្តការចរចាឡើងវិញ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​លោក Lin Jian បាន​ធ្វើ​ការ​កត់​សម្គាល់​នៅ​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​ដើម្បី​ឆ្លើយ​តប​នឹង​សំណួរ​ពាក់ព័ន្ធ​ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោកបានលេីកឡេីងថា “ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានការណ៍កើនឡើងនៅមជ្ឈិមបូព៌ា” ដោយសង្កត់ធ្ងន់ថា ប្រទេសចិន​ ប្រឆាំង ទៅនឹងសកម្មភាព ដែលរំលោភលើអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេស ពាក់ព័ន្ធនៅក្នុងតំបន់។

លោកបានបន្ដថា ប្រទេសចិន​ ថ្កោលទោសរាល់សកម្មភាព​ ដែលបង្កអន្តរាយដល់ជនស៊ីវិលស្លូតត្រង់ និងប្រឆាំងរាល់សកម្មភាព​ ដែលធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ និងអាចធ្វើឲ្យស្ថានការណ៍ក្នុងតំបន់កាន់តែកើនឡើង។
លោក​បាន​ថ្លែង​ថា​ អំពើ​ហិង្សា​មិន​អាច​នាំ​មក​នូវ​សន្តិសុខ​ទេ ហើយ​ការ​ប្រើ​កម្លាំង​ក៏​មិន​នាំ​ឲ្យ​មាន​សន្តិភាព​ដែរ។

លោកបានបន្ថែមថា ប្រទេសចិន​ ជំរុញយ៉ាងខ្លាំងដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអ៊ីស្រាអែល ឱ្យខិតខំប្រឹងប្រែងជាវិជ្ជមានបន្ថែមទៀត ដើម្បីឈប់បាញ់ ចាប់ផ្តើមការចរចាឡើងវិញ និងស្ដារសន្តិភាព និងស្ថិរភាពក្នុងតំបន់ ជាជាងធ្វើផ្ទុយពីនេះ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top