មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៖ ការតែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ច ជារឿងធម្មតា របស់មន្ត្រីរាជការ មុខងារសាធារណៈ

កំពង់ស្ពឺ ៖ លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានលើកឡើងថា ការតែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ច គឺជារឿងធម្មតា របស់មន្ត្រីរាជការមុខងារសាធារណៈ ហើយក៏ជាការឆ្លើយតបទៅនឹងកំណែទម្រង់ កាន់តែស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

ការលើកឡើងរបស់ លោក អ៊ុំ ម៉ារ៉ា នាឱកាសអញ្ជើញជាតំណាង លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសតែងតាំង អភិបាលរងខេត្តកំពង់ស្ពឺថ្មី លោកស្រី គា សុភា ជំនួសលោកស្រី ឡុង បូណារេត ត្រូវបានផ្លាស់ទៅកាន់តំណែង ជាអភិបាលរងខេត្តតាកែវ។ ពិធីប្រកាសតែងតាំងនេះ បានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៥ ។

នាឱកាសនោះ លោក រដ្ឋលេខាធិការ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សា អភិបាលខេត្ត មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ទូទាំងសខេត្ត កន្លងមក បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ច ប្រកបដោយសាមគ្គីភាព ក្នុងជួរគណៈអភិបាលខេត្ត និងមន្ត្រីរាជការទាំងអស់ ធ្វើឱ្យខេត្តរបស់ខ្លួនសម្រេចបាននូវលទ្ធផលល្អប្រសើរទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈផងដែរ។

លោក រដ្ឋលេខាធិការ គូសបញ្ជាក់ថា «ការតែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ច គឺជារឿងធម្មតារបស់មន្ត្រីរាជការមុខងារសាធារណៈ ហើយវាក៏ជាការឆ្លើយតបទៅនឹងកំណែទម្រង់កាន់តែស៊ីជម្រៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»។
លើសពីនេះ លោក រដ្ឋលេខាធិការ បានធ្វើការណែនាំដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងត្រូវពង្រឹងការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៕

