អ៊ីរ៉ង់ ច្រានចោលការចោទ ប្រកាន់របស់ G7 ថាគ្មានមូលដ្ឋាន

តេហេរ៉ង់ ៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់នាពេលថ្មីៗនេះដោយសមាជិកនៃក្រុម 7 (G7) និងដៃគូរបស់ពួកគេថា ជាការចោទប្រកាន់គ្មានមូលដ្ឋាន ចំពោះការគាបសង្កត់ឆ្លងប្រទេស និង សកម្មភាពអាក្រក់ផ្សេងទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រុមនេះបានចោទប្រកាន់អ៊ីរ៉ង់ និងសេវាស៊ើបការណ៍ សម្ងាត់របស់ខ្លួនពី “ការគាបសង្កត់ឆ្លងប្រទេស និងអនុវត្តសកម្មភាពអាក្រក់ផ្សេងទៀត ដូចជាការប៉ុនប៉ងសម្លាប់ ចាប់ជំរិត និងបៀតបៀន គូប្រជែងនយោបាយនៅបរទេស” ។
ក្រសួងការបរទេសអ៊ីរ៉ង់ បានរិះគន់ការចោទប្រកាន់នេះថា “មិនពិត” ដោយហៅពួកគេថា ជាការបំភ្លៃការពិត និងការព្យាករណ៍ដោយពុតត្បុត ដោយអ្នកទាំងនោះ ដែលនាំទៅដល់ការរីករាលដាល នៃការបំពានច្បាប់ និងការកើនឡើងនៃអសន្តិសុខ នៅក្នុងផ្នែកផ្សេងៗនៃពិភពលោក។
ក្រសួងការបរទេសអ៊ីរ៉ង់ បានអំពាវនាវឱ្យសមាជិក G7 ទទួលខុសត្រូវចំពោះសកម្មភាពមិនសមរម្យរបស់ពួកគេ ជាពិសេសដោយធ្វើឱ្យខូចដល់ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ តាមរយៈ “ភាពស្មុគស្មាញ និងភាពជាដៃគូក្នុងការរំលោភបំពានច្បាប់អន្តរជាតិដ៏លេចធ្លោរបស់អ៊ីស្រាអែល” នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលខ្លួនកាន់កាប់៕
ប្រែសម្រួល ឈូក បូរ៉ា
