ព័ត៌មានជាតិ

រដ្ឋមន្ត្រី ហួត ហាក់៖ កម្ពុជា ត្រូវការសន្តិភាពជាចាំបាច់​ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយចីរភាព

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា បើគ្មានសន្តិភាព សូមកុំនិយាយពីទេសចរណ៍ ហើយ កម្ពុជា ត្រូវការសន្តិភាពជាចាំបាច់ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន ។

ការលើកឡើងរបស់លោកលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្វើឡើងក្នុងឱកាសអញ្ជើញធ្វើបទបាឋកថា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពី «សក្តានុពលវិស័យទេសចរណ៍កម្ពុជា និងភាពប្រកួតប្រជែងក្នុងតំបន់» ជូនគណៈគ្រប់គ្រងសាលា និងសិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល សាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងដើម្បីចែករំលែកពុទ្ធិសំខាន់ៗ និងជាការរួមចំណែក ក្នុងការបណ្ដុះទឹកចិត្ត ឱ្យបានយល់ច្បាស់អំពីសក្តានុពល នៃវិស័យទេសចរណ៍កម្ពុជា និងដើម្បីបំផុសទឹកចិត្ត ឱ្យមានមោទនភាពជាតិ ឱ្យចេះស្រឡាញ់, ឱ្យចេះការពារ និងឱ្យចូលរួមទាំងអស់គ្នា លើកកម្ពស់វិស័យទេសចរណ៍កម្ពុជា។

ប្រធានបទបាឋកថានារបស់លោករដ្ឋមន្ត្រីនាឱកាសនេះ គឺពិតជាមានសារសំខាន់ណាស់ ជាពិសេសសម្រាប់ប្អូនៗសិស្សនិសិ្សតទាំងអស់ ដែលកំពុងសិក្សានៅសាលាភូមិន្ទរដ្ឋបាល ក្នុងនាមជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការបន្តវេន ជាយុវជនខ្មែរ ប្រជាជនខ្មែរ ត្រូវស្គាល់ពីគុណតម្លៃ ដ៏មហិមាមិនអាចកាត់ថ្លៃបាន នៃមរតកវប្បធម៌ សម្បត្តិធម្មជាតិ និងទឹកដីសុវណ្ណភូមិ ដែលបុព្វបុរសខ្មែរគ្រប់ជំនាន់ បានបន្សល់ទុក ដើម្បីរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សា និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ដល់សហគមន៍ជាតិ និងអន្តរជាតិ៕

ដោយ៖​ ដារាត់| ដើមអម្ពិល

To Top