បារាំងជំរុញឲ្យកម្ពុជា-ថៃបន្តកិច្ចសន្ទនា

ភ្នំពេញ ៖ សាធារណរដ្ឋបារាំង ជំរុញឲ្យភាគីកម្ពុជា-ថៃ បន្តកិច្ចសន្ទនា ដើម្បីឈានទៅដល់ការបញ្ចប់ជម្ល៉ោះព្រំដែន ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុក របស់ស្ថានទូតបារាំងប្រចាំកម្ពុជា នាថ្ងៃទី១៦ កញ្ញា បានឲ្យដឹងថា បារាំងស្វាគមន៍ ចំពោះភាពរីកចម្រើន ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ GBC នាថ្ងៃទី១០កញ្ញា របស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ។ ជាមួយនឹងការស្វាគមន៍ យ៉ាងកក់ក្តៅនេះភាគីបារាំង ក៏បានបង្ហាញជំហរ ក្នុងការជំរុញឲ្យភាគីទាំងពីរបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីគោរពតាមបទឈប់បាញ់ ។

ទន្ទឹមនឹងនេះ ប្រទេសបារាំងក៏ស្វាគមន៍ ជាពិសេសលើការសម្រេចចិត្តរបស់ភាគីទាំងពីរ ក្នុងការបំពេញការងាររួមគ្នា ដើម្បីដោះមីននៅតាមបន្ទាត់ព្រំដែន។
អ្វីកាន់តែចាប់អារម្មណ៍ថែមទៀតនោះ ប្រទេសបារាំង ក៏បញ្ជាក់សាជាថ្មីនូវការគាំទ្រ ដ៏ពេញទំហឹងចំពោះប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ក្នុងកិច្ចខិតខំប្រឹងប្រែងជួយសម្របសម្រួលឲ្យកម្ពុជា-ថៃ បញ្ចៀសសង្គ្រាមបន្តទៀត ដើម្បីឲ្យមានស្ថិរភាពក្នុងតំបន់ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការ ព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ បានប្រព្រឹត្តឡើងនៅខេត្តកោះកុង ។ ជាលទ្ធផលភាគីទាំងពីរបានរួមគ្នាប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា ។ ក្នុងនោះភាគីទាំងពីរបានព្រមព្រៀងគ្នា លើភាពចាំបាច់បន្ទាន់ ដើម្បីកាត់បន្ថយភាពតានតឹង តាមរយៈការកែសម្រួល នូវយុទ្ធោបករណ៍ និង សម្ភារៈយោធា។ ភាគីទាំងពីរក៏បានឯកភាពគ្នា ជាគោលការណ៍ទៅលើលក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ការបង្កើត ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ៕
