នគរបាលកម្ពុជា-ថៃអនុម័តការបង្កើតផែនការ សម្រាប់កិច្ចសហប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ ៖ នគរបាលជាតិកម្ពុជា ដែលដឹកនាំដោយ ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរង នគរបាលជាតិកម្ពុជា បានជួបប្រជុំជាមួយនគរបាលភូមិន្ទថៃ ដែលដឹកនាំ ដោយនាយឧត្តមសេនីយ៍ Thatchai Pitaneelaboot អគ្គាធិការជាន់ខ្ពស់នៃនគរបាលភូមិន្ទថៃ នៅខេត្តស្រះកែវ ប្រទេសថៃ ដើម្បីពិនិត្យលើការពង្រឹង កិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។
ចាប់ផ្តើមនៅម៉ោង ១០ ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ កិច្ចប្រជុំ បានបញ្ចប់នៅម៉ោង ៨ យប់ នាថ្ងៃដដែល ដោយភាគីទាំងពីរ បានអនុម័តរបៀបវារៈ នៃកិច្ចប្រជុំស្តីពីការបង្កើតផែនការ សកម្មភាព សម្រាប់កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនរួម ទាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងជួញដូរមនុស្ស កម្ពុជា-ថៃ លើកទី១ ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានជំរុញការពង្រឹង កិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិតរវាងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីបង្ការនិងបង្ក្រាប បទល្មើសឆ្លងដែន និងកំណត់ថា ក្រសួងមហាផ្ទៃនិងនគរបាលជាតិ នៃប្រទេសទាំងពីរ នឹងជួបគ្នា ក្នុងរយៈពេល ១ សបា្តហ៍ ដើម្បីបង្កើតក្រុមការងារចម្រុះ ដែលទទួលភារកិច្ចលើការរៀបចំផែនការ សកម្មភាពពាក់ព័ន្ធ នឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។
ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារ ដើម្បីបន្តពិភាក្សាក្នុងការរៀបចំផែនការសកម្មភាពពាក់ព័ន្ធនឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស។ ភាគីទាំងពីរ ត្រៀមអនុវត្តកិច្ចសហប្រតិបត្តិការនេះ ដោយគោរពគ្នាទៅវិញទៅមក ដោយឈរលើស្មារតី កិច្ចសហប្រតិបត្តិការល្អ គោរពតាមច្បាប់ និងអធិបតេយ្យ នៃប្រទេសរៀងៗខ្លួន។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាប្រយុទ្ធប្រឆាំងរាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាមួយគ្នានេះ កម្ពុជាសង្ឃឹមថា រដ្ឋាភិបាលថៃ នឹងធ្វើការប្តេជ្ញាចិត្តដូចកម្ពុជាផងដែរ ដើម្បីធានាសុខសុវត្ថិភាព ដល់ប្រជាពលរដ្ឋរៀងៗខ្លួន ខណៈការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា បាននិងកំពុងកើនឡើង គួរឱ្យព្រួយបារម្ភនៅក្នុងតំបន់ ក៏ដូចជាសកលលោកទាំងមូល៕
