ចិន អះអាងថា កំពុងបំពេញបេសកកម្ម សម្របសម្រួលជម្លោះកម្ពុជា-ថៃ តាមការចង់បាន របស់ភាគីទាំងពីរ

ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអះអាងថា បេសកជនពិសេស របស់ភាគីចិន កំពុងបំពេញបេសកកម្ម សម្របសម្រួលលើកទី៣ នូវជម្លោះកម្ពុជា-ថៃ ហើយចិនរីករាយក្នុងការផ្តល់ជំនួយ យ៉ាងសកម្ម ស្របតាមការចង់បាន របស់ភាគីទាំងពីរ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៦ កញ្ញា លោក វ៉ាង វិនពីន បានបង្ហោះរូបថតពីរសន្លឹក នៃជំនួបដាច់ដោយឡែកពីគ្នា រវាងប្រេសិតពិសេស នៃកិច្ចការអាស៊ីរបស់ក្រសួងការបរទេសចិន ជាមួយនាយឧត្ដមសេនីយន៍ វង្ស ពិសេន និងរដ្ឋលេខាធិការ ក្រសួងការបរទេសកម្ពុជា ដោយភ្ជាប់នូវខ្លឹមសារថា៖ «ការរួមរស់ដោយសន្តិវិធី និងការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ គឺស្របតាមផលប្រយោជន៍រួម របស់កម្ពុជានិងថៃនិងប្រជាជននៃប្រទេសទាំងពីរ។ ប្រទេសចិនរីករាយក្នុងការជំរុញអនុវត្តកុងសុងស៊ីសសុវត្ថិភាពនិងស្ងប់ស្ងាត់ដែលកំណត់ដោយរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃត្រីភាគី គាំទ្រ ដល់ប្រទេសកម្ពុជានិងថៃ ក្នុងការពង្រឹងកិច្ចសន្ទនា និងការពិគ្រោះយោបល់ គាំទ្រអាស៊ានក្នុងការ ដោះស្រាយជម្លោះឱ្យបានត្រឹមត្រូវ នៅក្នុងវិធីអាស៊ាន ហើយរីករាយក្នុង ការបន្តផ្តល់ជំនួយ ចាំបាច់ដើម្បីឱ្យបទឈប់បាញ់ អនុវត្តប្រកបដោយនិរន្តរភាពនិងជំរុញទំនាក់ទំនងកម្ពុជានិងថៃឱ្យមានភាពល្អប្រសើរឡើង។»

ដោយឡែកនៅព្រឹកថ្ងៃ១៧ កញ្ញានេះ លោកឯកអគ្គរដ្ឋទូតចិន ក៏បានបង្ហោះរូបថតមួយសន្លឹក នៃជំនួប រវាងលោក ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ចុល ជាមួយលោក វ៉ាង យី ប្រមុខការទូតចិន ដោយភ្ជាប់នូវខ្លឹមសារថា ៖ «ភាគីចិនបានឃាត់និងជំរុញឱ្យមានពិភាក្សាយ៉ាងសកម្ម ចាប់តាំងពីជម្លោះបានកើតឡើង ។ កម្ពុជានិងថៃ គឺជាអ្នកជិតខាងល្អ ហើយមិនមានឧបសគ្គ ឬបញ្ហាណាដែលមិនអាចដោះស្រាយបាន រវាងប្រទេសទាំងពីរទេ ។ យើងសង្ឃឹមថាភាគីទាំងពីរ នឹងចាប់យកឱកាសនេះ ដើម្បីពន្លឿនដំណើរការផ្សះផ្សារ។ បេសកជនពិសេសរបស់ភាគីចិន កំពុងបំពេញបេសកកម្ម សម្របសម្រួលលើកទី៣ ហើយរីករាយក្នុងការផ្តល់ជំនួយ យ៉ាងសកម្មស្របតាមការចង់ បានរបស់ភាគីទាំងពីរ»៕

