លោក ឃួង ស្រេង និងលោកស្រី អញ្ជើញកាន់បិណ្ឌ វេនទី១០ នៅវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួងស្រេង នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំអភិបាលរងរាជធានី និងសមាជិកក្រុប្រឹក្សារាជធានី ព្រមទាំងមន្ត្រីរាជការ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត ខណ្ឌសែនសុខ។

ក្នុងឱកាសកាន់បិណ្ឌវេនទី១០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានអញ្ជើញ រាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា និង ញាតិការទាំង៧សណ្តាន ដែលបានចែកឋាន ទៅកាន់បរលោកខាងមុខ និងបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ពិសេសឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ ដល់វីរៈកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ពីចោរឈ្លានពាន។

ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងវិញ ដោយបើក ទូលាយ ដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ។ ក្នុងនោះក៏បានធ្វើឱ្យវិស័យព្រះពុទ្ធចក្រ មានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិ យ៉ាងខ្ជាប់ខ្ជួន រហូតមកដល់សព្វថ្ងៃ។

ពិធីបុណ្យភ្ជុំបិណ្ឌវេនទី១០នេះ លោក ឃួង ស្រេង និងក្រុមគ្រួសារ ក៏បានវេប្រគេននូវទ័យវត្ថុ និងគ្រឿងឧបភោគ បរិភោគជាច្រើន និងប្រគេនបច្ច័យដល់ព្រះសង្ឃ ដើមី្បយកទៅកសាងសមិទ្ធផលនានា នៅក្នុងទីអារាម នៃវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែតផងដែរ៕
ដោយ៖ ដារាត់| ដើមអម្ពិល





