មេសហជីព សារទរ និងចាត់ទុកជាសញ្ជាវិជ្ចមាន ចំពោះការដំឡើងប្រាក់ឈ្នួល ជូនកម្មករ កម្មការនី ទោះបីកម្ពុជា កំពុងជួបបញ្ហា ប្រឈមមួយចំនួន

ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ (CUMW) និងលោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានសម្ដែងការសារទរ និងចាត់ទុកថាជាសញ្ជាវិជ្ចមាន ចំពោះការដំឡើងប្រាក់ឈ្នួលជូនកម្មករ កម្មការនី ទោះបីប្រទេសជាតិ កំពុងជួបបញ្ហាប្រឈមមួយចំនួន ។

សូមរំលឹកថា កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ចំនួន ២១០$ ក្នុងមួយខែ សម្រាប់ឆ្នាំ២០២៦ រួមទាំងអត្ថប្រយោជន៍ផ្សេងទៀត ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។

ថ្លែងប្រាប់ព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ (CUMW) បានសម្ដែងការអរគុណ ដល់ប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ ចំពោះការបន្ថែមប្រាក់ឈ្នួល ដល់កម្មករនិយោជិត សម្រាប់ឆ្នាំ២០២៦ខាងមុខនេះ ។

លោកថា បើទោះបីជាការបន្ថែមនេះ មានចំនួនតិចតួចក៏ពិតមែន ប៉ុន្តែប្រសើរជាងមិនបន្ថែម ខណៈដែលប្រទេសប្រកួតប្រជែងមួយចំនួនរបស់កម្ពុជា ពុំមានការដំឡើង។

លោកបញ្ជាក់ថា «ទោះក្នុងស្ថានភាពប្រទេសកម្ពុជា កំពុងជួបបញ្ហាប្រឈម ដូចជាជម្លោះព្រំដែនកម្ពុជា-ថៃ ការបន្ថែមពន្ធពីសហរដ្ឋអាមេរិក ការវិលត្រឡប់មកវិញរបស់បងប្អូនពលករ មកពីថៃ យ៉ាងណាក៏ដោយ តែការដំឡើងប្រាក់ឈ្នួលជូនកម្មករ កម្មការនី ត្រូវធ្វើឡើងទៅដោយមិនខកខាន»។
សម្រាប់លោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) យល់ឃេីញថា ការកេីនឡេីង២ដុល្លារ ក៏ជាសញ្ញាណវិជ្ជមានសំរាប់កម្មករដែរ។
លោកបន្ថែមថា «ក្នុងគោលបំណងរួមគ្រប់ភាគី ទៅរយ:ពេលវែង យេីងគួររួមគ្នា ក៏សាងហេដ្ឋារចនាសម្ព័ន្ធ ប្រាក់ឈ្នួលអោយបានរឹងមាំ ដូចជាធ្វេីអោយ តម្លៃដេីមផលិតទាប កាត់បន្ថយការិយាល័យធិបតេយ្យ ផ្តល់ប្រាក់ឈ្នួលសមរម្យដល់ កម្មករ និង ពង្រឹងជំនាញកម្មករ អោយបានរឹងមាំ»៕
