ក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ ត្រូវបានប្រកាស ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី

កំពង់ធំ ៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកស្រីបណ្ឌិត Ada Moadsiri តំណាងអង្គការសុខភាពពិភពលោក-កម្ពុជា អញ្ជើញប្រកាសជាផ្លូវការ “ក្រុងស្ទឹងសែន ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ក្នុងទឹកដីនៃខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ជាមួយគ្នានោះដែរ លោករដ្ឋមន្ដ្រី ហួត ហាក់ បានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តកំពង់ធំ ដែលតែងអនុវត្តយុទ្ធនាការ ផ្សព្វផ្សាយ កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្ដៅ និងចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដែលជាការចូលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍវិស័យ ទេសចរណ៍នៅក្នុងខេត្តកំពង់ធំ មានលក្ខណៈកាន់តែល្អប្រសើរ ។
លោក រដ្ឋមន្ត្រី បន្តទៀតថា បរិស្ថានគ្មានផ្សែងបារី “Smoke-Free” ជាបរិបទមួយដែលពិភពលោកក៏ដូចជា តំបន់បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលអាចប៉ះពាល់ដល់ បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងពិភពលោក។ បច្ចុប្បន្នថ្នាំជក់សម្លាប់មនុស្សប្រមាណ ៦លាននាក់ ទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ដែលគិតជាមធ្យមប្រមាណជា ១៦.៤៣៨នាក់ ក្នុងមួយថ្ងៃ ក្នុងនោះ មានអ្នកស្រូបផ្សែងបារីពីគេចំនួន ៦សែននាក់ ។
លោក រដ្ឋមន្ត្រី បន្ថែមថា អ្នកស្លាប់ទាំងនោះគឺបណ្តាលមកពីជំងឺមហារីកសួត ដាច់ សរសៃឈាមខួរក្បាល មហារីកមាត់ គាំងបេះដូង ក្រិនសរសៃឈាម មហារីកក្រពះ ប្លោកនោម។ល។ ចំពោះ ស្រ្តីដែលមានគភ៌អាចធ្វើឱ្យទារកកើតមកខ្វះទម្ងន់ និងមានរាងកាយមិនគ្រប់លក្ខណៈ ។ បើគ្មានវិធានការទប់ ស្កាត់ប្រកបដោយប្រសិទ្ធភាពទេ នៅឆ្នាំ២០៣០ ថ្នាំជក់អាចនឹងសម្លាប់មនុស្សប្រមាណ ៨លាននាក់ ក្នុងមួយឆ្នាំ ហើយ ៨០%នៃអ្នកស្លាប់គឺស្ថិតនៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍៕



