ព័ត៌មានជាតិ

កម្ពុជា-ឡាវ ប្តេជ្ញាបន្តរក្សា នូវសន្ទុះវិជ្ជមាន នៃទំនាក់ទំនងការទូតសភា ក្នុងការផ្តល់ នូវលទ្ធផលវិជ្ជមានជានិច្ច ដល់ប្រទេសទាំងពីរ

ភ្នំពេញ ៖ ក្នុងឱកាសស្នាក់នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើក (អាយប៉ា)លើកទី៤៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ លោកស្រី សុធន់ សាយ៉ាចាក់ (Sounthone XAYACHACK) អនុប្រធានរដ្ឋសភាឡាវ ខណៈភាគីទាំងពីរ ប្តេជ្ញាបន្តរក្សានូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងការទូតសភា ក្នុងការផ្តល់នូវលទ្ធផលវិជ្ជមានជានិច្ចដល់ប្រទេស និងពលរដ្ឋទាំងសងខាង។

សម្តេច ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងជាមួយមិត្តជិតខាង ជាពិសេសមិត្តឡាវ និងតែងតែចាត់ទុកមិត្តឡាវជាប្រទេសជិតខាងដ៏សំខាន់សម្រាប់គោលនយោបាយការបរទេសរបស់ខ្លួន។

សម្តេច ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា «ទំនាក់ទំនងរវាង កម្ពុជា-ឡាវ គឺជាទ្រព្យដ៏មានតម្លៃនិងមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ពីព្រោះទំនាក់ទំនងនេះ ត្រូវបានកសាងឡើងតាំងពីថ្នាក់ដឹកនាំជំនាន់មុន រហូតដល់បច្ចុប្បន្ន ប្រកបដោយភាពស្អិតរមួត រឹងមាំ និងយូរអង្វែង»។

លោកស្រី អនុប្រធានរដ្ឋសភាឡាវ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព កិច្ចសហប្រតិបត្តិដ៏ល្អរវាងប្រទេសទំាងពីរ។ លោកស្រី បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរដំណើរទស្សនកិច្ច ក៏ដូចជាការជួបប្រជុំគ្នាជាទៀងទាត់រវាងថ្នាក់ដឹកនាំនៃប្រទេសទំាងពីរទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ បានឆ្លុះបញ្ចាំងឱ្យឃើញភាពស្និទ្ធស្នាល និងចំណងមិត្តភាពជ្រាលជ្រៅ សាមគ្គីភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលមានប្រវត្តិជាយូរលង់មកហើយ។

លោកស្រី បន្ដថា ម្យ៉ាងវិញភាគីទំាងពី បានយល់ស្របដូចជាគ្នាថា តាមរយៈការផ្លាស់ប្តូរជាទៀតទាត់រវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌសភា រដ្ឋាភិបាល បក្ស និងយុវជនពិតជាបានជួយជំរុញ និងលើកកម្ពស់ទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្រ្ត យូរអង្វែង និងគ្រប់ជ្រុងជ្រោយ នាំមកនូវផលប្រយោជន៍រួមជូនប្រទេស និងប្រជាជនទាំងសងខាង៕

To Top