ព័ត៌មានជាតិ

សហជីពអបអរសាទរ ចំពោះការដំឡើងប្រាក់ឈ្នួល គោលកម្មករនិយោជិត ២១០ដុល្លារ ក្នុងឆ្នាំ២០២៦ ខណៈកម្មករ​និយោជិត​ម្នាក់ៗ ទទួលបានប្រាក់ខែជាមធ្យម ជិត៣០០ដុល្លារ

ភ្នំពេញ ៖ សហជីពនៅកម្ពុជា បានសម្តែងក្តីរីករាយអបអរសាទរ ចំពោះការដំឡើងប្រាក់ឈ្នួល អប្បបរមាសម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ២១០ដុល្លារសហរដ្ឋអាម៉េរិក សម្រាប់ឆ្នាំ២០២៦ ខណៈដែល​កម្មករ​និយោជិត​ម្នាក់ៗទទួលបានប្រាក់ខែជាមធ្យមជិត ៣០០ដុល្លារ ។

លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មី ឆ្នាំ២០២៦ ជាដំណឹងល្អ និងជាកាដូមុនភ្ជុំបិណ្ឌ ដែលជាទូទៅរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត សូម្បីតែក្នុងអំឡុងពេលប្រទេស ជួបបញ្ហាកូវីដ១៩ នាពេលកន្លងទៅក៏មានការដំឡើងប្រាក់ឈ្នួលផងដែរ។

ជាមួយការអបអរសាទរ លោក សំណាង បានបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមា ២១០ដុល្លារក៏ពិតមែន ប៉ុន្តែការទទួលបានជាក់ស្តែង បងប្អូនកម្មករនិយោជិត មានរហូតដល់ប្រមាណជិត ៣០០ដុល្លារ បើបូករួមជាមួយអត្ថប្រយោជន៍ផ្សេងៗ រួមមាន ប្រាក់រង្វាន់ធ្វើការទៀងទាត់ ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ប្រាក់អតីតភាពការងារ ថ្លៃបាយ និងប្រាក់ថែមម៉ោងជាដើម ។

លោកថ្លែងថា៖«ប្រាក់ខែជាគោលយើងទទួលបាន ២១០ដុល្លារ ហើយនៅមានប្រាក់ឧបត្ថម្ភ ប្រាក់ជំនាញ ថ្លៃមធ្យោយបាយធ្វើដំណើរជាដើម ជាពិសេស គឺប្រាក់ថែមម៉ោងខ្លះទៀត បើតាមគិតទៅខ្ទង់២១០នេះ វាចូលជិត ៣០០ដុល្លារដែរ ហើយបើបងប្អូនយើងមានជំនាញអាចបាន ៤០០ជាង ខ្លះ៥០០ដុល្លារ រហូតដល់ ៨០០ដុល្លារ អាស្រ័យលើជំនាញរបស់គាត់»។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានចូលរួមអបអរសាទរចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មី ឆ្នាំ២០២៦ ជូនដល់កម្មករនិយោជិត។ ទន្ទឹមនឹងការសាទរលោក ហ្វា សាលី ថា ការដំឡើងជូន២ដុល្លារ ឬក៏មិនបានដំឡើងមិនសំខាន់ទេ តែអ្វីដែលសំខាន់ គឺពេលនេះកម្មករនិយោជិត នៅកម្ពុជា បានយល់ដឹងពីបញ្ហាលំបាកជាច្រើន ដែលប្រទេសជាតិកំពុងជួប គឺបញ្ហាសង្គ្រាមព្រំដែនកម្ពុជា ថៃ ភាពមិនប្រាកដប្រជា នៃបញ្ហាពន្ធបដិកាគ យសហរដ្ឋអាមេរិក ១៩% ដែលធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគមួយចំនួនផងដែរ។

លោកថ្លែងថា៖​”២ដុល្លារនេះ គឺបងប្អូនកម្មករនិយោជិត ទូទាំងប្រទេសសាទរ សប្បាយរីករាយ នូវអ្វីដែលជាការសម្រេចរបស់សម្តេចមហាបវរធិបតី ហើយបងប្អូនទទួលយកទាំងអស់គ្នា ពីព្រោះបងប្អូនកម្មករនិយោជិតដឹងច្បាស់ពីបញ្ហាបច្ចុប្បន្ននេះ។ ដូចច្នេះយើងត្រូវមានការងារស្មើភាពគ្នា ហើយបងប្អូនកម្មករគាត់យល់ណាស់ ធ្វើយ៉ាងណារក្សាចាស់បង្កើតថ្មី [ការវិនិយោគ]​ “។

ទន្ទឹមនេះ លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ យល់ឃើញថា ទោះបីជាតួលេខនេះមិនខ្ពស់យ៉ាងណាក៏ដោយ ប៉ុន្តែក្នុងនាមតំណាងកម្មករនិយោជិត លោកមានការសាទរចំពោះរាជរដ្ឋាភិបាល ដែលនៅតែបន្តការខិតខំប្រឹងប្រែងក្នុងការបង្កើនប្រាក់ឈ្នួលបន្ថែម ក្នុងស្ថានភាពដែលកម្ពុជាកំពុងតែមានសង្គ្រាមជាមួយថៃ កាវិលត្រឡប់របស់បងប្អូនពលករមកពីថៃ ជាពិសេស ពន្ធបដិការបស់សហរដ្ឋអាមេរិក ដែលជាបញ្ហាប្រឈមត្រូវបន្តដោះស្រាយបន្តទៀត។

លោកថ្លែងថា៖«ខ្ញុំយល់ថា យ៉ាងណាកម្ពុជាយើងនៅតែមាន យន្តការមួយដែលជាផ្នែកមួយក្នុ្ងការដំឡើងប្រាក់ឈ្នួល ដែលយើងតែងតែធ្វើជារៀងរាល់ឆ្នាំ ដូចច្នេះ តិចឬក៏ច្រើន ប៉ុន្តែវាតែងតែមានផលបូក ឬក៏គេហៅថាវិជ្ជមានរហូត សម្រាប់បងប្អូនកម្មករយើង ចំពោះខ្ញុំ ខ្ញុំមានការសាទរ»។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាបានបើកិច្ចប្រជុំរបស់ខ្លួនសរុប ២៣លើក ដើម្បីកំណត់ប្រាក់ឈ្នួលគោលជូនកម្មករ ឆ្នាំ២០២៦ ប៉ុន្តែដោយពិនិត្យឃើញបញ្ហាជាក់ស្តែងកំពុងកើតមានឡើង ភាគីតំណាងកម្មករនិយោជិត និងនិយោជក មិនកំណត់តួលេខណាមួយឡើយ ដោយទុកលទ្ធភាពជូនរដ្ឋាភិបាល។ ទីបំផុត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ថែម ២ដុល្លារអាម៉េរិក លើតួលេខ ២០៨ ដុល្លារអាម៉េរិក ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត សម្រាប់ឆ្នាំ២០២៦ មានចំនួន ២១០ ដុល្លារអាម៉េរិក ក្នុងមួយខែ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ៕

To Top